(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពោលគឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ខណៈដែលវិស័យនេះបាននឹងកំពុងរងគ្រោះ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ អស់រយៈជិត២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
ការបន្តអនុគ្រោះដល់វិស័យអាកាសចរណ៍នេះ ធ្វើឡើងតាមរយៈការដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី១០ ដើម្បីបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពី
ខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និងបន្តផ្ដល់ការអនុគ្រោះ ចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិល ដោយពន្យាររយៈពេល០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១»។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្ន និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាបាននូវចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច និងការរៀនផ្លាស់ប្តូរឥរិយាបថ ដើម្បីសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ក្រោមក្របខណ្ឌនៃផែនការយុទ្ធសាស្រ្ត ស្តីពីការរស់នៅតាមគន្លងថ្មីប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ១៩ និងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។
សូមជម្រាបថា នៅចុងខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលកម្ពុជា នឹងបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ដែលអ្នកជំនាញរំពឹងថា ការបើកទ្វារទទួលភ្ញៀវទេសចរក្រៅប្រទេសនេះ នឹងជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ឱ្យរស់ឡើងវិញ៕