(កំពង់ចាម)៖ លោក សុខ លឹមហៀង ដែលជាអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ខណៈប្រធានចាស់គឺលោក សុខ ស្រ៊ុន ត្រូវបានផ្លាស់ទៅទទួលភារកិច្ចថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។
ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់លោក សុខ លឹមហៀង ប្រធានមន្ទីរថ្មី ត្រូវរក្សាសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរ និងត្រូវខិតខំបង្កើតសមត្ថភាព ដើម្បីធ្វើយ៉ាងណាប្រែក្លាយជាអ្នកបម្រើសេវាសាធាណៈឲ្យបានល្អជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពប្រសិទ្ធិភាព និងអាចជឿទុកចិត្តបានឲ្យស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
លោកបានណែនាំទៀតថា ត្រូវលើកកំពស់កិច្ចទំនាក់ទំនងជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរជំនាញនានា ជុំវិញខេត្តឲ្យបានល្អប្រសើរ និងបន្តខិតខំកសាងស្ពានថ្នល់ដើម្បីជួយសម្រួលដលការរស់នៅ ធ្វើដំណើរ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពប្រសើរឡើង៕