(រតនគិរី)៖ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងតួនាទីរបស់ស្ថាប័នរដ្ឋ គឺជាការលើកកម្ពស់សមត្ថភាពការងារដឹកនាំ និងគ្រប់គ្រង សម្តៅធ្វើឲ្យប្រព័ន្ធការងារមានប្រសិទ្ធភាព។
លោកលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរមុខតំណែងអភិបាលរងស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ, ដោយលោក ស៉ីង សុខនី ពីអភិបាលរងស្រុកលំផាត់ ទៅជាអភិបាលរងស្រុកកូនមុំ និងលោក មូរ រដ្ឋធានី ពីអភិបាលរងស្រុកតាវែង មកជាអភិបាលរងស្រុកលំផាត់វិញ ដែលកម្មវិធីផ្លាស់ប្ដូរមុខតំណែងនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
លោក មួង ប៉ាង បានបន្ថែមថា ការផ្លាស់ប្ដូរតួនាទីភារកិច្ចជូនមន្រ្តីរាជការនាពេលនេះ គឺជាការងារធម្មតារបស់មន្រ្តីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារនៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារដឹកនាំគ្រប់គ្រងសំដៅធ្វើឲ្យប្រព័ន្ធការងារកាន់តែមានប្រសិទ្ធភាពប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្តរូបនេះ ក៏បានថ្លែងផ្ដាំផ្ញើដល់អភិបាលរងស្រុកទាំង ២ខាងលើដែលទទួលភារកិច្ចថ្មី ឲ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បន្តយកចិត្តទុកដាក់ អនុវត្តសម្រេចឲ្យបានត្រឹមត្រូវក្នុងការបំពេញតួនាទីភារកិច្ចស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងធ្វើកិច្ចសហការល្អ, ដោយចេះសម្របសម្រួលក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋបន្ថែមលើនេះទៀត ត្រូវមានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចនានានៅក្នុងមូលដ្ឋានរបស់ខ្លួន, ពង្រឹងរបៀបរបបធ្វើការតាមតួនាទីភារកិច្ច ដោយឈរលើគោលការណ៍សមូហភាព និងទទួលខុសត្រូវផងដែរ៕