(ភ្នំពេញ)៖ ភ្លាមៗក្រោយពីទទួលបានញញួរប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេច គឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ាននេះរហូតដល់ទៅ៣ដង។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រសម្តេចក្នុងការដឹកនាំកម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន»។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដ៏មមាញឹករយៈពេល៣ថ្ងៃ ដែលព្រុយណេធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរធ្វើជាប្រធានអាស៊ាននៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
នេះជាការទទួលភារកិច្ចលើកទី៣ហើយ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតំបន់ និងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ទទួលភារកិច្ចជាម្ចាស់ផ្ទះនៅលើកទី១ ក្នុងឆ្នាំ២០០២ និងលើកទី២ ក្នុងឆ្នាំ២០១២។
ជាមួយការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចកំពូលដ៏មានសារសំខាន់នេះ សម្តេចតេជោ បានថ្លែងថា ក្នុងនាមប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងយកចិត្តទុកដាក់ជាអាទិភាព ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ រួមមាន៖ សសរស្តម្ភនយោបាយ និងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕