សាលាខេត្តតាកែវ ទទួលអង្ករចំនួន១០តោន ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
08-04-2016 17:32
(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានទទួលអំណោយអង្ករចំនួន ១០តោន ដែលជាអំណោដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ហ៊ុន ម៉ាណែត សម្រាប់រួមចំណែកក្នុងការចែក ជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាន ខេត្តតាកែវ។
នៅក្នុងឱកាសទទួលអង្ករពីក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត នោះដែរ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងមួយខែៗ សាលាខេត្តតាកែវ បានចំណាយអង្ករប្រមាណជាង២០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់យកទៅចែកជូន ប្រជាពលរដ្ឋទីទ័លក្រ ដែលជួបជីវភាពខ្វះខាតខ្លាំង នៅតាមបណ្តាស្រុកនានា ក្នុងខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់សប្បុរសជននានា ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ ដល់សាលាខេត្តតាកែវ ជាពិសេសសូមគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អង្ករនេះ និងបានបង្កលទ្ធភាពដល់ខេត្តតាកែវ បន្តចុះជួយដល់ប្រជាពលរដ្ឋទីទ័លក្រ ក្នុងមូលដ្ឋានខេត្តតាកែវ៕