(កំពង់ធំ)៖ ក្នុងនាមជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ លោក ថោង ខុន បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានខេត្តនេះ ខិតខំដោះស្រាយរាល់សំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា មានតម្លាភាព និងប្រសិទ្ធភាព ។
ការលើកឡើងរបស់ លោក ថោងខុន បានធ្វើឡើងខណៈដែល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពការងារ ដែលបានដាក់ចេញ និងពិភាក្សាលើទិសដៅការងារសំខាន់ៗ ជាអទិភាពដើម្បីបំរើដល់សេចក្តីត្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោក ថោង ខុន បានលើកឡើងថា ការងារសំខាន់ៗជាអាទិភាពដែលក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀតរួមមាន៖ ការចុះអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ខ្វះទឹកធ្វើស្រែ និងប្រើប្រាស់ ការជីកអណ្តូង ការជីកប្រឡាយតូចៗចេញពីប្រឡាយមេ ដើម្បីនាំទឹកបញ្ចូលស្រែរបស់ប្រជាពលរដ្ឋ ការចុះពិនិត្យផ្ទៀងផ្ទាត់ដីនៅតំបន់គោលដៅ ក្រុងស្រុកទាំង០៥ និងការចេញសាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង លើដីនៅតំបន់៣ និងតំបន់២ ការចុះធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានអោយបានរហ័ស និងមានតម្លាភាព និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ដោយអនុវត្តឲ្យបានហ្មឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងការជម្រុញដោះស្រាយនូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋានដូចជា សាលារៀន មណ្ឌលសុខភាព ទំនប់ ប្រឡាយ ទ្វាទឹក និងសំណូមពរជាក់ស្តែងនានារបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ក្រៅពីការងារខាងលើ លោក ថោង ខុន ក៏បានជម្រុញដល់គ្រប់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ឲ្យបានកាន់តែសកម្មថែមទៀត លើការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋ ដោយជៀសវៀងឲ្យបាននូវការថ្នាំងថ្នាក់ទាក់ទងការផ្តល់សេវាយឺតយ៉ាវ មិនទាន់ពេលវេលា ឬការយកលុយពីការផ្តល់សេវារួមទាំងអាកប្បកិរិយាមិនគប្បីដាក់ប្រជាពលរដ្ឋពេល ដែលប្រជាពលរដ្ឋមករកការផ្តល់សេវាពីអាជ្ញាធរមូលដ្ឋាន៕