(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សា ការយាងឡើងគ្រងព្រះបរម សិរី រាជសម្បត្តិរបស់ព្រះអង្គនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សា ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាថ្លៃវិសេស ជាបឋមខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្តសម្តែងនូវការអបអរសាទរ និងថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូនជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិលក្ខិតកាលដ៏ថ្លៃថ្លាវិសេសវិសាលនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្តែងនូវ អំណរ ព្រះមហា ករុណាទិគុណ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ជាអតិបរមា ដែលជានិច្ចកាល ព្រះករុណា ថ្លៃវិសេសជាអម្ចាស់ទ្រង់ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន បរិច្ចាគព្រះរាជ្យទ្រព្យក្នុងការ លើកកម្ពស់គាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយន្តការជួយសង្រ្គោះប្រជានុរាស្ត្រដែលរងគ្រោះដោយមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយវរវន្ទាដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ទេវតារក្សា ព្រះមហា ស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតសូមបន្តអភិបាលគ្រងរក្សាព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ស្តេច ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព កុំបីឃ្លៀង ឃ្លាតឡើយ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖