(ភ្នំពេញ)៖ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដឹកនាំដោយ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួត រួមជាមួយសាខាកាំកុងត្រូលភ្នំពេញ សហការជាមួយមន្ដ្រីមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារទួលទំពូង តាមផ្ទះលក់ទំនិញនៅម្តុំផ្សារពេទ្យចិន និងផ្សារទំនើប ហាងលក់ទំនិញ នៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
មន្ដ្រីសាខាកាំកុងត្រូលបានឲ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរខាងមុខនេះ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូប អាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។
ក្នុងពេលប្រតិបត្តិការមន្រ្តីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ នៅលើ សរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់ និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ៕