(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នាពេលខាងមុខនេះ។
ក្នុងសាររបស់សម្តេច សាយ ឈុំ បានលើកឡើងថា៖ នាឱកាសដ៏មហាជ័យមង្គលប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ត្រទូទៅ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយ ទសពិធរាជធម៌របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរីកចម្រើនជាបន្ត បន្ទាប់លើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងលើសកលលោក។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតជាមួយប្រជាជនកម្ពុជានៅគ្រប់ កាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩។
ជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់បានសមប្រកបដោយព្រះពុទ្ធពរដ៏មហាប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕