(ភ្នំពេញ)៖ រកឃើញហើយ មូលហេតុមកស្ទះលូ និងមួយទៀតដោយសារប្រជាពលរដ្ឋមួយចំនួន បានបង្ហូរទឹកប្រើប្រាស់ ទើបបណ្ដាលឱ្យមានទឹកដក់ជាប្រចាំ ស្ថិតនៅដីអតីតសួនច្បារវត្តនាគវ័ន្ដ លើចិញ្ចេីមផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បើគិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារចុះពិនិត្យ និងរកដំណោះស្រាយភ្លាមៗ ក្នុងការបូម និងស្ដារលូចេញ ដែលមិនអាចឱ្យមានទឹកដក់លើចិញ្ចើមផ្លូវបន្តទៅទៀតឡើយ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរឱ្យជួយដោះស្រាយជូន ពីប្រជាពលរដ្ឋក៏ដោយ និងបន្ទាប់ពីមានកិច្ចសហការល្អ ពីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធាណៈខណ្ឌ និងក្រុមការងារមន្ទីរសាធាណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

បន្ថែមពីនេះ លោក ជា ពិសី សូមសំណូមពរឱ្យបញ្ឈប់នូវការបោះចោលរាល់កាកសំណល់ផ្សេងៗ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមរក្សាបាននូវអនាម័យ បរិស្ថានល្អ ជំវិញការរស់នៅដោយផាសុខភាព សម្រាប់ប្រជាពលរដ្ឋ ស្ថិតនៅដីអតីតសួនច្បារវត្តនាគវ័ន្ដ លើចិញ្ចេីមផ្លូវលេខ៦០៨នេះ បន្ទាប់ពីបានបូម និងស្ដារលូចេញ ដែលមិនអាចឱ្យមានទឹកដក់លើចិញ្ចើមផ្លូវបន្តទៅទៀតឡើយ ក្រោមកិច្ចសហការល្អ ពីក្រុមការងារការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធាណៈខណ្ឌ និងក្រុមការងារមន្ទីរសាធាណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ៕