(បន្ទាយមានជ័យ)៖​ លោកឧបនាយក​រដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានថ្លែងទៅកាន់ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកមង្គលបូរី​​ថា​​ បច្ចុប្បន្ននេះ​ក្រោមការដឹកនាំរបស់សម្តេចតេ​ជោ​ ហ៊ុន ​សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា ​បានធ្វើឲ្យប្រទេស​កាន់តែរីកចំរើ​ន ​ជាបន្តបន្ទាប់​គ្រប់វិស័យ​​ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងអស់ នឹងលែងមានដំបូង​ស្បូវ​ទៀតឡើយ ពោលប្រែក្លាយប្រកស័ង្កសី​ទាំងអស់តែម្តង(សម្រាប់ផ្ទះដែលប្រកស្បូវ)។ ជាមួយគ្នានេះ ​​​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ បានជម្រុញឲ្យ​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ​ចុះជួយ​មូលដ្ឋាន​ត្រូវ​ប្រើ​កម្លាំង​សរុប​ចុះជួយ​ជួសជុល ឬ​សាងសង់​ប្តូរ​ផ្ទះ​ប្រក​ស្លឹក ឬ​ស្បូវ​ជូន​ពលរដ្ឋ​ក្រីក្រ ឲ្យបាន​រួចរាល់​ទាំងស្រុងយ៉ាងយូរ​ត្រឹម​ថ្ងៃទី​១០ ខែមេសា​​ ឆ្នាំ​២០១៦ ឬឲ្យបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ចុះជួយ​ខេត្តបន្ទាយមានជ័យរូបនេះ បានលើកឡើងនៅក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​បាន​ប្តូរ​ដំបូល​ស្បូវ ទៅ​ស​ង្ក័​សីចំនួន២៣៦​ខ្នងផ្ទះ នៅ​ស្រុក​មង្គលបូរី ធ្វើនៅ​សាលាបឋមសិក្សាបន្ទាយនាង ឃុំ​បន្ទាយនាង នៅរសៀលថ្ងៃទី​០៨​ ខែមេសា​​ ឆ្នាំ​២០១៦​។​ ​

លោក​បានថ្លែងថា ក្រៅពី​ការងារមានភារកិច្ច ដែល​ទទួលខុសត្រូវចំពោះមុខតាម​ដែន​សមត្ថកិច្ច ភូមិសាស្ត្រ​របស់ខ្លួនថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​ទាំងអស់ ត្រូវតែ​ប្រើ​កម្លាំង​សរុប វិធាន​ការសរុប ចុះ​សម្រុក​ជួសជុល សាងសង់​ប្តូរ​ផ្ទះ​ប្រក ឬ​ស្លឹក​ទៅជា​ស័ង្កសី ជូន​ពលរដ្ឋ​ក្រីក្រ ឲ្យ​រួចរាល់​ទាំងស្រុង ដើម្បីឲ្យ​ពួកគាត់ មាន​ជម្រក​ស្នាក់នៅ សមរម្យ និង​បាន​រីករាយ​បំផុត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរដ៏​ខ្លី​ខាងមុខនេះ​។

សម្រាប់ពលរដ្ឋបានចំនួន២៣៦គ្រួសារ​ ទទួលបានកន្ទេល១​​ ម៉ុង១ ឆ្នាំងបាយ​១ ចានបាយ១ឈុត​​ ទឹកស៊ីអ៊ិវ​ ទឹកត្រី​ អំបិល​ ប៊ីចេង​ នំធុង​ សារុង១​ ក្រមា១ និងថវិកា​មួយចំនួន​។​ សម្រាប់ពលរដ្ឋ​​​ដែលនិវត្តន៍ជន​ និងអតីតយុទ្ធ​ជន​ទទួលបាន​សារុង១​ វែនតា​​១ និងថវិកាមួយចំនួន។ ​ដោយឡែកប្រជាពលរដ្ឋ ដែលបាន​ចូលរួមចំនួន​៦៥០នាក់ ម្នាក់ៗទទួលបានសរុង​១​ និងថវិកាមួយចំនួនផងដែរ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធហត្ថ និងមន្រ្តីរាជការជាច្រើននាក់ផ្សេងទៀត៕