តុលាការមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនិស្សិតជាច្រើននាក់ ក្រោយមានអន្តរាគមន៍ពីសំណាក់លោកស្រី អោងសាន ស៊ូជី
08-04-2016 16:57
(យ៉ាំងហ្គោន)៖ តុលាការនៃប្រទេសមីយ៉ាន់ម៉ា(ភូមា) នៅថ្ងៃសុក្រនេះ បានដោះលែងនិស្សិតជាច្រើននាក់ ដែលបានឃុំខ្លួន ពាក់ព័ន្ធនឹងរឿងនយោបាយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្ដិច នាថ្ងៃទី០៨ ខែមេសា។
ការដោះលែងនេះត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីលោកស្រី អោងសាន ស៊ូជី បានប្រកាស និងអះអាងថា លោកស្រីសន្យាជំរុញឲ្យមានការដោះលែងអ្នកទោសនយោបាយ នៅថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែលោកបានក៏បានបញ្ជាក់ផងដែរថា ការដោះលែង ឬមិនដោះលែងវាស្រ័យទៅលើតុលាការ។
តាមការបញ្ជាក់ពីប្រភពខាងលើបានឲ្យដឹងថា និស្សិតជាប់ពន្ធធនាគារប្រមាណជា ៦៩នាក់ ត្រូវបានដោះលែង ដោយពួកនិស្សិតទាំងនេះ ត្រូវបានជាប់ឃុំតាំងពីខែមីនា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការធ្វើតវ៉ាលើវិស័យអប់រំ ដោយរិះគន់ទៅលើរដ្ឋាភិបាលយោធាលោកថេន សេន៕