(ភ្នំពេញ)៖ គិតត្រឹមរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ រតនាគាររាជធានី-ខេត្តទាំង២៥ បានធ្វើការផ្ទេរប្រាក់បៀវត្ស ប្រចាំខែមេសា ឆ្នាំ២០១៦ និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យ ចូលឆ្នាំប្រពៃណីខ្មែរចំនួន ៥០,០០០រៀល ចូលក្នុងគណនីភ្នាក់ងារបើកផ្តល់ របស់សាមីអង្គភាព និងស្ថាប័ននៅសាខា ធនាគារពាណិជ្ជរួចរាល់ជាស្ថាពរ ដើម្បីបើកជូនមន្រ្តីរាជការស៊ីវិល មន្រ្តីកិច្ចសន្យា និងបុគ្គលិកអណ្តែតគ្រប់ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស នេះបើតាមការបញ្ជាក់របស់រតនាគារជាតិ។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀលសម្រាប់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងបញ្ជាក់ក្នុងវេទិការសាធារណៈថា រាជរដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណជា ៦លានដុល្លារ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ៕