(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានា សម្រាប់សេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនៅកម្ពុជា។
សិក្ខាសាលានេះធ្វើឡើងក្រោមវត្តមាន លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នៅទីស្នាក់ការ គ.ស.ម.ក តាមប្រព័ន្ធវីដេអូ។
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស មានសិក្ខាកាមចូលរួមចំនួនជាង៨០នាក់ មកពីភាគីនានាដូចជា៖ តំណាងស្ថានទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពីន មន្ត្រី OHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីនៃ គស.ម.ក៕