(នូវ៉ែលហ្សេឡង់)៖ ការក្លែងបន្លំសាររបស់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលចង់យកស្នាមមេដៃរបស់ពលរដ្ឋក្នុងពេលធ្វើពិធីបុណ្យសាសនាចេញវស្សាមួយក្នុងក្រុងក្រៃឈើច Christchurch នៃប្រទេសនូវែលហ្សេឡង់ ត្រូវបានគណៈកម្មាធិការនៃសមាគមខ្មែរនៅទីនោះបកអាក្រាត និងបានរារាំងអំពើក្លែងបន្លំនោះ ដោយមិនឲ្យជ្រៀតជ្រែកដល់ ភាពស្អាតស្អំរបស់ទីវត្តអារាមឡើយ។
សេចក្តីរាយការណ៍ពីគណៈកម្មាធិការនៃសមាគមខ្មែរទីក្រុងក្រៃឈើច Christchurch បានសរសេរក្នុងបណ្តាញសង្គមថា អនុប្រធានរបស់អតីតគណបក្សសង្គ្រោះជាតិក្រៅប្រទេស ឈ្មោះ សាវ រ៉ាស៊ី បានចោទប្រកាន់វត្តខ្មែរមួយឈ្មោះពុទ្ធាធិរាជ ក្នុងក្រុងក្រៃឈើច Christchurch ថា ជាវត្តរបស់ គណបក្សប្រជាជនកម្ពុជា ក្រោយអំពើក្លែងបន្លំបោកប្រាស់របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិក្រៅប្រទេសនោះ បានយកញត្តិជាភាសាអង់គ្លេសមួយស្វែងរកការផ្តិតមេដៃ គាំទ្រពីប្រជាពលរដ្ឋដើម្បីដាក់ជួនដល់រដ្ឋាភិបាល នៃប្រទេសនូវែលហ្សេឡង់ធ្វើអន្តរាគមន៍ចំពោះកម្ពុជា។
ញ្ញត្តិជាភាសាអង់គ្លេសនោះមានន័យពិត គឺការចង់ប្រមូលយកស្នាមមេដៃពលរដ្ឋខ្មែរ ដើម្បីឲ្យរដ្ឋាភិបាលនូវ៉ែលហ្សេឡង់ ជួយធ្វើអន្តរាគមន៍ដោយការចោទថា កម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យ និងមិនអនុវត្តនូវកិច្ចព្រមព្រៀង ២៣ តុលានៃក្រុងប៉ារីស។ ដើម្បីបោកយកស្នាមមេដៃពីពលរដ្ឋខ្មែរដែលធ្វើដំណើរទៅវត្តនោះ, ញ្ញត្តិជាភាសាអង់គ្លេស ត្រូវក្រុមគណបក្សប្រឆាំងក្រៅស្រុក បាននិយាយកុហកពលរដ្ឋខ្មែរដែលមិនចេះភាសាអង់គ្លេសថា គឺជាញ្ញត្តិដើម្បីជួយរកការសម្រួលឲ្យ ពលរដ្ឋខ្មែរជាច្រើន អាចចូលមករស់នៅក្នុងប្រទេសនូវែលហ្សេឡង់ បានដោយងាយស្រួល, ប៉ុន្តែអំពើបោកប្រាស់នោះត្រូវបានមន្ត្រីគណៈកម្មាធិការនៃសមាគមខ្មែរនៅទីនោះ បានបកអាក្រាតទាន់ពេលវេលា និងអំពើបកអាក្រាតនោះហើយ បាននាំឲ្យក្រុមប្រឆាំងនៅក្រៅស្រុកខឹងសម្បារ និងចោទប្រកាន់ ដាក់សំណួរថាតើវត្តខ្មែរពុទ្ធាធិរាជ ក្នុងក្រុងក្រៃឈើច នោះគឺជាវត្តរបស់គណបក្សប្រជាជនកម្ពុជាឬ?
ព័ត៌មានលម្អិតសូមទស្សនាវិដេអូ និងកិច្ចសម្ភាសន៍៖