(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាលើកដំបូងជាមួយមន្រ្តីរបស់ខ្លួន ក្រោយចូលកាន់តំណែងបាន ៤ថ្ងៃ។ កិច្ចប្រជុំលើកដំបូងនេះ លោក ជា សុផារ៉ា បានក្រើនរំលឹក និងជំរុញមន្រ្តីរបស់ខ្លួនឲ្យពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់ ជាមួយឥរិយាបថទន់ភ្លន់ និងរាក់ទាក់។
យោងតាមទំព័រ Facebook របស់ក្រសួងដែនដី បានបញ្ជាក់ថា ក្រៅពីការជំរុញមន្រ្តីឲ្យពង្រឹងការផ្តល់សេវាហើយនោះ លោក ជា សុ ផារ៉ា ក៏បានរំលឹកមន្រ្តីគិតពីប្រសិទ្ធិភាពការងារជាចម្បង និងលើកទឹកចិត្តមន្ត្រីសកម្ម។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានប្រកាស ទទួលខុសត្រូវជួសមុខមន្រ្តីទាំងអស់ ដែលមានកំហុសឆ្គងក្នុងពេលបំពេញការងារ។
លោក ជា សុផារ៉ា ក៏បានជំរុញមន្រ្តីឲ្យចេញឯកសារកកស្ទះ និងចែកបណ្ណ័ ដែលមិនទាន់ចែក ជូនប្រជាពលរដ្ឋឱ្យបានមុនចូលឆ្នាំ ដើម្បីជាការដូរឆ្នាំថ្មីជូនប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពេញចិត្តពេញថ្លើម រីករាយ និងគាំទ្រខ្លាំង ចំពោះការដឹកនាំដ៏មុតស្រួច និងមានការទទួលខុសត្រូវខ្ពស់ ដែលផ្តោតលើប្រសិទ្ធិភាពការងារជាចម្បងរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា។
សូមបញ្ជាក់ថា លោក ជា សុផារ៉ា បានប្តូរចេញពីក្រសួងអភិវឌ្ឍន៍ជនបទ មកគ្រប់គ្រងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦៕