(ភ្នំពេញ)៖ មិនខុសពីអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែងតែលើកឡើង និងស្នើសុំនោះទេ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសដៃគូសន្ទនាអាស៊ីបូព៌ា បានមើលឃើញ និងឯកភាពគ្នាថា ពហុភាគីនិយម គឺជានយោបាយគន្លឹះមួយក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងដោះស្រាយវិបត្តិទាំងឡាយ។

ទស្សនៈនេះត្រូវបានស្តែងឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ដែលបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។ ដៃគូសន្ទនាអាស៊ីបូព៌ានេះ មានប្រទេសចំនួន១៨ ជាសមាជិក រួមមានប្រទេសសមាជិកអាស៊ានចំនួន១០ និងដៃគូសន្ទនាចំនួន៨រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៉ី និងសហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលអាស៊ានចំនួន៩ ខណៈមីយ៉ាន់ម៉ាត្រូវអវត្តមាន រួមជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសដៃគូទាំង៨ ហើយក៏មានការចូលរួមពីអគ្គនាយកអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកនេះ ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន៖ ១៖ សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត, ទី២៖ សេចក្តីប្រកាសមេដឹកនាំអាស៊ីបូព៌ាស្តីពីការស្តារបៃតងឡើងវិញប្រកបដោយចេរភាព និងទី៣៖ សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ចតាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ។

បើតាមលោក កៅ គឹមហួន នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើប្រធានបទជាច្រើន។ ប៉ុន្តែមុនកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ានេះ បានស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយកនៃអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អំពីស្ថានភាពសុខាភិបាល និងពាណិជ្ជកម្ម បន្ទាប់ពីការរងវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ១៨ខែកន្លងមកនេះ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់អាស៊ាន នៅក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ីបូព៌ា និងឆន្ទៈរបស់អាស៊ាន ធ្វើយ៉ាងណាឱ្យយន្តការដៃគូសន្ទនាអាស៊ីបូព៌ានេះ បន្តដើរតួនាទីសំខាន់នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានគូសបញ្ជាក់ពីសារសំខាន់នៃទស្សនទានរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា ក៏បានពិភាក្សាផ្តោតសំខាន់ជាច្រើនទៅលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយបញ្ហាជំងឺកូវីដ១៩។ ជាពិសេសការប្រយុទ្ធប្រឆាំង និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ជាពិសេសខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យដទៃទៀត ដូចជាវិស័យទេសចរណ៍អាចវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដែលមានលក្ខណៈគាំទ្រដល់បរិស្ថាន, ជំរុញលើកិច្ចសហប្រតិបត្តិការអប់រំជាដើម។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានឯកភាពអភិវឌ្ឍលើផែនការបន្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ លើសពីនេះ ក៏មានការផ្លាស់ប្តូរមតិ និងយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា។ ជាពិសេសប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា គាំទ្រតួនាទីអាស៊ាន ក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ានម៉ា តាមយន្តការដែលបានដាក់ចេញនាពេលកន្លងទៅ។

ក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសទាំងអស់គាំទ្រនូវនយោបាយពហុភាគីនិយម ដែលជាកត្តាសំខាន់នៅក្នុងក្នុងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ និងការស្ដារឡើងវិញនូវសេដកិច្ច ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកអំពីការធ្វើយ៉ាងណាគាំទ្រទៅដល់ការដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅពេលប្រជុំនាពេលខាងមុខ នៅចក្រភពអង់គ្លេស។

ប្រទេសជាមហាអំណាចនៅក្នុងក្របខណ្ឌអាស៊ីបូព៌ានេះ បានគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថេរភាពសន្តិសុខក្នុងតំបន់ គាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ។ មិនត្រឹមប៉ុណ្ណោះទេ គឺផ្ដល់នូវការគាំទ្រ និងជំនួយដល់អាស៊ាន ជាពិសេសនៅក្នុងការងារធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩។

លើពីនេះទៀត សម្រាប់ការដោះស្រាយបញ្ហានៅក្នុងតំបន់ បណ្ដាប្រទេសដៃគូសន្ទនា បានគាំទ្រ និងលើកទឹកចិត្តលើតួនាទីស្នូលរបស់អាស៊ាន ដោយផ្ដល់នូវកិច្ចសហការ និងភាពជាដៃគូដល់អាស៊ានទាំងស្រុង។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា នេះ គឺជាថ្ងៃទី២ហើយ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះ។ សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ មាន៤របៀបវារៈរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១, កិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី២៤ និងចុងក្រោយគេ គឺកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦។ កិច្ចប្រជុំបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមរហូតដល់យប់។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងបិទបញ្ចប់នៅថ្ងៃស្អែកនេះ៕