(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា មណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនម៉ូតូកង់បី មួយគ្រឿងមានតម្លៃ ២៣០០ដុល្លារ ដែលជាអំណោយរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ដល់អង្គការកុមារ នៃក្តីសង្ឃឹមដែលមានទីតាំងស្ថិត នៅភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ស្រុកកណ្តៀងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ សម្រាប់បម្រើ ការងារដឹកជញ្ជួនកុមារ ទៅសិក្សារៀនសូត្រ។
លោក ណុប ណាត នាយកអង្គការកុមារ នៃក្តីសង្ឃឹមខេត្ត បានថ្លែងថា នេះជាសណ្តានចិត្ត និងលះបង់ធនធានផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ ខេត្តបានផ្តល់ជូនម៉ូតូកង់បីមួយគ្រឿង ដល់អង្គការកុមារនៃក្តីសង្ឃឹម សម្រាប់បម្រើការងារដឹកជញ្ជូនកុមារ ទៅសិក្សារៀនសូត្រ។ ទង្វើដ៏សប្បុរសធម៌យ៉ាងល្អប្រពៃ ប្រសើរនេះដែលលោក និងលោកស្រី តែងតែបានអនុវត្តកន្លង បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ មកដល់ប្រជាពលរដ្ឋរងការប៉ះពាល់ និង អ្នករងគ្រោះដោយប្រការផ្សេងៗនៅក្នុងខេត្ត ។
លោកបានជម្រាបជូនដែរថា អង្គការកុមារនៃក្តីសង្ឃឹម បានអនុវត្តកម្មវិធីការការពារសិទ្ធិ ការថែទាំកុមារបម្លាស់ទីនិងកុមារងាយរងគ្រោះ ដែលមានចំនួន ១៥នាក់ស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព និងកំពុងសិក្សារៀនសូត្រ និងបានការជួយឧបត្ថម្ភគាំទ្រពីអង្កការ អេស ខេ អិន អង្គការរ៉ាឆា និងពីមន្ទីរសង្គមកិច្ច និងអង្គការដៃគូមួយចំនួនទៀត តែទោះជាយ៉ាងនេះក៏ដោយ ក៏នៅជួបកង្វះខាតព្រោះកុមារងាយរងគ្រោះ កាន់តែកើនឡើងស្ទើររាល់ថ្ងៃ។
លោកស្រី ឯម ប៉ុណ្ណា បានលើកឡើងថា ដោយមើលឃើញពីការលំបាក ក្នុងការដឹកជញ្ជូនកុមារទៅសិក្សារៀនសូត្រនោះលោក ម៉ៅ ធនិន និងលោកស្រី បានផ្តល់ជូនម៉ូតូកង់បីមួយគ្រឿង ដែលមានតម្លៃ២៣០០ដុល្លារ ជូនដល់អង្គការកុមារនៃក្តីសង្ឃឹម។លោកស្រីបាន ថ្លែងថា នៅក្នុងខេត្ត មានអង្គការចំនួន៤ ដែលធ្វើការងារពាក់ព័ន្ធទៅនឹងកុមារ ក្នុងនោះមានអង្គការកុមារ នៃក្តីសង្ឃឹមនៅស្រុកកណ្តៀង អង្គការពន្លឺកុមារនៅបាកាន អង្គការវឌ្ឍនភាពក្រគរ និងអង្គការអនាគតកុមារ នៅស្រុកភ្នំក្រវាញ ជាអង្គការនៅជាប់ជាមួយប្រជាពលរដ្ឋ ហេតុនេះត្រូវមានកិច្ចសហការគ្នា ជួយទៅដល់កុមារងាយរងគ្រោះ នៅក្នុងសហគមន៍ កុំឲ្យមានអំពើហឹង្សា និង ការជួញដូរមកលើកុមារ រួមគ្នាលុបបំបាត់ឲ្យខានតែបាន។ ក្នុងនាមប្រតិភូលោកស្រីបានផ្តាំផ្ញើ ដល់កុមារទាំងអស់ ខិតខំរៀនសូត្រចេះរស់នៅជាមួយគ្នាថែទាំ សុខភាព ឲ្យបានល្អប្រសើរ ទាំងការបរិភោគ និងទាំងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ នៅក្នុងនោះដែរ បន្ទាប់ពីផ្តល់ជូនម៉ូតូកង់បី លោកស្រី និងប្រតិភូរួមដំណើរ បានចែកជូនសម្ភារមួយចំនួន ដល់កុមារ និងអ្នកថែទាំ រួមមានអង្ករ ថ្នាំ និងច្រាសដុះធ្មេញ ទឹកក្រូច ទឹកបរិសុទ្ធ និងថវិកាផងដែរ៕