(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដង្កោ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ២១៧ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ។
ជាមួយគ្នានេះ អាជ្ញាធរក៏សូមអំពាវនាវ និងហាមឃាត់រថយន្តធន់ធ្ងន់កុំឲ្យធ្វើដំណើរតាមកំណាត់ផ្លូវនេះផងដែរ ដើម្បីចៀសវាងការខូចខាតផ្លូវនៅពេលមានទឹកកំពុងហូរកាត់នេះ។
នាយករដ្ឋបាលខណ្ឌដង្កោ លោក ម៉ុក សុធា ដែលកំពុងឈរជើងនៅគោលដៅស្តុបស្ពានបាគូ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅម៉ោងនេះស្ថានភាពចរាចរណ៍ កំពុងកកស្ទុះយ៉ាងខ្លាំង ហើយទឹកក៏កំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងផងដែរ ដូច្នេះលោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់ទីនេះជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
បើតាមនាយករដ្ឋបាលរូបនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងជួយអន្តរាគមន៍ និងជួយបញ្ជៀសការកកស្ទះចរាចរណ៍ដោយសារតែទឹកហូរកាត់ផ្លូវ៕