(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការគេហទំព័រផ្លូវការនៃ «វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (1st Asia-Europe Economic and Business Forum-AEEBF1)» (តំណរភ្ជាប់៖ https://aeebf.moc.gov.kh/) ដែលជាព្រឹត្តិការណ៍អមសំខាន់មួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
គេហទំព័រនៃវេទិកា AEEBF1 មានបង្ហាញជូនព័ត៌មានសំខាន់ៗដល់សាធារណជនរួមមាន៖ ព័ត៌មានទូទៅអំពីការរៀបចំ និងរបៀបវារៈនៃវេទិកា AEEBF1 ដៃគូសហការរៀបចំជាមួយក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងក្រុមការងារ នៃក្រសួងពាណិជ្ជកម្មទទួលរៀបចំវេទិកា និងការចុះឈ្មោះចូលរួមវេទិកាតាមប្រព័ន្ធអនឡាញ (Online Registration)។
ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)» ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), សភាពាណិជ្ជកម្មកម្ពុជា (CCC), មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័ន Bruegel និងដៃគូសហការដទៃទៀត។
វេទិកានេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែ ច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដើម្បីពិភាក្សាស៊ីជម្រៅ លើប្រធានបទពាក់ព័ន្ធសំខាន់ៗ និងរួមគំនិតគ្នា ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ និងការអភិវឌ្ឍដល់គ្រប់ប្រទេស ជាសមាជិក ASEM នៅអាស៊ី និងអឺរ៉ុប។
តាមការគ្រោងទុក ក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញបណ្តាប្រទេសជាសមាជិក ASEM ចូលរួមវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ រួមមាន៖ ប្រទេសអាស៊ាន ទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសែឡង់ ហុងគ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្សិក អេស្តូនី និងបណ្តាប្រទេសដទៃទៀតមកពីអាស៊ីនិងអឺរ៉ុប ព្រមទាំងចូលរួម ដោយអ្នករៀបចំគោលនយោបាយ បញ្ញាវន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនមកពីអាស៊ី និងអឺរ៉ុបផងដែរ៕