(កំពត)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេរមុខតំណែងលោក ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ជំនួសលោក ជាវ តាយ ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងជាអភិបាលខេត្តពោធិ៍សាត់។
ពិធីផ្ទេរតំណែងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងសមាជិកសមាជិកាពាក់ព័ន្ធជាច្រើនរូប។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដោយចុះគឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរក វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋរួមនឹងការស្តារសេដ្ឋកិច្ច ឈានទៅឱ្យបើកដំណើរការប្រទេសជាធម្មតាឡើងវិញខាងមុខនេះឆាប់ៗទៀតផង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ស្នើឱ្យប្រធានគណបក្សខេត្ត ត្រូវផ្តោតលើការកសាងកម្លាំងថ្មី និងពង្រីកបន្ថែមនូវសមាជិកគណបក្ស ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកឈ្នះការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខដោយជោគជ័យ។ ដូច្នេះដើម្បីបន្តលើភាពជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីអភិវឌ្ឍឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។
សម្តេច សាយ ឈុំ ក៏បានផ្តាំផ្ញើដល់លោក ម៉ៅ ធនិន សូមឱ្យបន្តក្នុងការអភិវឌ្ឍន៍ខេត្តកសាងហេដ្ឋារចនាសម្ព័ន្ធនានា របស់គណបក្ស ជាពិសេសគឺស្នាក់ការគណបក្សនៅតាមឃុំ-សង្កាត់ នៅទូទាំងខេត្ត ដើម្បីទុកបម្រើការងារជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការបំពេញការងាររបស់គណបក្សឃុំ-សង្កាត់ ត្រូវជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់ត្រូវផ្តោតនិងខិតខំប្រឹងប្រែងបំពេញការងារជូនគណបក្ស ទៅតាមគោលនយោបាយ គណបក្សដែលបានដាក់ចេញ ត្រូវខិតខំពង្រឹងរក្សាសមាជិកដែលមានស្រាប់ និងជំរុញពង្រីកសមាជិកថ្មីក្នុងស្រទាប់យុវវ័យ ដែលគ្រប់អាយុបោះឆ្នោតឱ្យបានច្រើនបន្ថែមទៀត ក្នុងន័យយកឱ្យបាននូវជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខ សម្រាប់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែរីកចម្រើន និងមានជីវភាពធូរធារប្រសើរឡើង៕