(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានហាមឃាត់គណនីបណ្តាញសង្គម Facebook ឈ្មោះ «ថ្នាំបណ្តក់ភ្នែកប្រទេសស្វីស» កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថទឹកបណ្តក់ភ្នែកស្វីស B. R EYE DROPS គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។
ក្រសុងសុខាភិបាល បានឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹម ត្រូវត័មានពីរផ្នែក ទី១៖ ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងទី២៖ ផ្នែកខាងក្រោមមានលេខ ទិដ្ឋាការ ឬបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល ឱសថទឹកបន្តក់ភ្នែកស្វីស B.R EYE DROPS គ្មានលេខបញ្ជិកានេះ និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខ បញ្ជិកាខាងលើនោះជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថទឹកបន្តក់ភ្នែកស្វីស B.R EYE DROPS ជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថទឹកបន្តក់ភ្នែកស្វីស B. R EYE RES នេះទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថខាងលើនេះ សូមប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕