(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកណ្តាល បានលើកឡើងថា មនុស្សវ័យចំណាស់ជាធនធានដ៏មានសារៈសំខាន់មិនចេះរីងស្ងួត ជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

លោកអភិបាលខេត្តបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ «ចូលរួមគាំទ្រថែសុខមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ឋគាំពារមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា» ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីភាពផងដែរ។

លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ការប្រារព្ធទិវាមនុស្សចាស់១តុលានេះ បានបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកត្តិយស និងលោក វង សួត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាជាប្រធាន។

ចំណែកឯលោក គង់ សោភ័ណ្ឌ បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។

ស្ថិតក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់អ្នកចូលរួម ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ម៉ាស ១ប្រអប់ និងថវិកាចំនួន ១០០,០០០រៀល៕