(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា យន្តការអាស៊ានបូក៣ ដែលរួមមានប្រទេសសមាជិកអាស៊ាន បូកនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា ប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ដែលបានធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។ នៅចំពោះមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសបូក៣ សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩ តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈមួយចំនួន ដើម្បីចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ ទស្សនៈទាំងនោះរួមមាន៖
ទី១៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួម ចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់វ៉ាក់សាំង និង បរិក្ខារពេទ្យដល់កម្ពុជា និង ប្រទេសសមាជិកអាស៊ានផ្សេងទៀត ។ ជាមួយគ្នានេះ ក្នុងស្មារតីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន សម្តេចតេជោ ប្រកាសគាំទ្រការដាក់ចេញនូវ «សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានបូកបីស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ និង កុមារ»។
ទី២៖ ដើម្បីរួមចំណែកស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានឆាប់, សម្តេចតេជោ អំពាវនាវដល់ប្រទេសបូកបីបន្តផ្តល់ការគាំទ្រ ឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍: (១). ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED), (២). ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS), (៣). ក្របខណ្ឌនៃការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន (ATCAF) និង (៤). ក្របខណ្ឌ នៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)។
ទី៣៖ សម្តេចតេជោ ស្នើប្រទេសអាស៊ានបូកបីបន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពអាស៊ានបូកបីស្ដីពីការកាត់បន្ថយ ផលប៉ះពាល់សេដ្ឋកិច្ច នៃជំងឺកូវីដ-១៩ និងកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០២១-២០២២។
សម្តេចតេជោ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពីប្រទេសអាស៊ានបូកបី សំដៅធានាការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីជំរុញការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។
ទី៤៖ សម្តេចតេជោនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្ត ផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ាន បូកបីឆ្នាំ ២០១៨-២០២២។
ទន្ទឹមនេះ សម្តេចស្នើសុំឱ្យការរៀបចំផែនការឆ្នាំ២០២៣-២០២៧ ផ្តោតលើ វិស័យអាទិភាពចំនួន៤ រួមមាន : (១). សន្តិសុខផ្នែកសុខភាពសាធារណៈ, (២). ការលើកកម្ពស់សមត្ថ ភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និង កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល, (៣). ផលិតកម្មកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង (៤). ការប្រើប្រាស់ថាមពលដោយចីរភាព៕