(ភ្នំពេញ)៖ ចាប់តាំងពីវេលាម៉ោង ៣ទៀបភ្លឺរហូតដល់រសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ចាន់ យុត្ថា រដ្ឋលេខាធិការ, លោក ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានជំនាញ ទីប្រឹក្សា និងក្រុមមន្រ្តីបច្ចេកក្រសួង បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកដល់វេលាម៉ោង ៤រសៀលនេះ ក្រុមការងារបច្ចេកទេសក្រសួង បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយ អភិបាលរាជធានីភ្នំពេញ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ បញ្ជាការដ្ឋានយោធភូមិភាគពិសេស៧០៦ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំណុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំពីមុខទឹកនៃទីតាំងនេះ។
យ៉ាងណាក៏ដោយ ក្រោយមានគ្រោះជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោតនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមរួចជាស្រេចនូវគ្រឿងចក្រធុនធ្ងន់ចំនួន៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ ប្រចាំនៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។
យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា ទំនប់បាក់នៅស្ទឹងព្រែកត្នោតនេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀត នៃខណ្ឌដង្កោ ក្នុងនោះមានភូមិកន្ទុយទឹក ប៉ះពាល់ចំនួន៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង៨៥ខ្នង ភូមិសាលាចំនួន៧៤ សរុប៣០៦ខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយឲ្យធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើអាចទប់ស្កាត់បានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅវេលាម៉ោងយប់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឲ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះក្លាយជារុននាគ ប៉ុន្តែភ្លាមៗនោះក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឲ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ទៅដល់ប្រជាពលរដ្ឋដែលរស់នៅចំមុខទឹកហូរបុកនោះ។
គិតត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពនៅចំណុចទំនប់បាក់នោះ ត្រូវបានគ្រប់គ្រង និងកំពុងតាមដានទៀតខ្លាចក្រែងមានការហូរច្រោះជាថ្មី នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៕