(ភ្នំពេញ)៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការប្រកាសគាំទ្រនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ តាមប្រព័ន្ធអនឡាញ ដែលប្រទេសប្រ៊ុយណេ ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម និងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលអាចចាត់ទុកថា ជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ជាមួយនឹងទំនាក់ទំនងល្អនេះ កម្ពុជាសូមគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
អូស្រ្តាលី បានក្លាយជាដៃគូសន្ទនាលើកដំបូងរបស់អាស៊ាន នៅឆ្នាំ១៩៧៤ និងក្លាយជាដៃគូយុទ្ធសាស្រ្ត នៅឆ្នាំ២០១៤។ ទំហំពាណិជ្ជកម្មអាស៊ាន-អូស្រ្តាលី បានកើនដល់ជាង១០១ពាន់លានដុល្លារ នៅឆ្នាំ២០២០ ខណៈការវិនិយោគមានទំហំប្រមាណលើសពី ២៤២ពាន់លានផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្ដួចផ្តើមអូស្ត្រាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន។
ពាក់ព័ន្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មរបស់អូស្ត្រាលីក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្ត្រនៃការស្តារឡើងវិញ (Partnerships or FRecovery Strategy) និងការកំណត់យកអាស៊ានជាដៃគូដ៏សំខាន់។ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ១៩ ការកសាងសហគមន៍អាស៊ានប្រកបដោយជីវភាព វិបុលភាព និងបរិយាប័ន្នពិតជាមានសារសំខាន់។
សម្តេចបន្តថា កម្ពុជាសូមលើកទឹកចិត្តឱ្យអូស្ត្រាលីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងសកម្មភាពជំរុញសមាហរណកម្មតំបន់ ដូចជា ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងផែនការសកម្មភាពនៃគំនិតផ្ដួចផ្តើមសមាហរណកម្ម អាស៊ាន (IA) ដំណាក់កាលទី៤។ កម្ពុជាក៏សូមស្នើឱ្យភាគីទាំងពីរ អនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២០-២០២៤ ឱ្យបានជោគជ័យ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមរួមនានា ដូចជា បញ្ហាសុខភាពសាធារណៈ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និង ការប្រែប្រួលអាកាសធាតុ ជាដើម។
កម្ពុជាបានស្នើឱ្យអូស្ត្រាលីបន្តជួយពង្រឹងវិស័យអាទិភាពមួយចំនួន ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម និងវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សជាពិសេសការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ស្ត្រី និងពលករចំណាកស្រុក ដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីឱ្យមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពរស់នៅល្អប្រសើរផងដែរ៕