(ភ្នំពេញ)៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយថវិកាប្រមាណ ១៥លានដុល្លារអូស្ត្រាលី សម្រាប់អនុវត្តគម្រោងនៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះបានផ្ដល់ជូនតាមរយៈធនាគារពិភពលោក។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។

ការឱ្យដឹងបែបនេះរបស់ឯកអគ្គរាជទូតអូស្ត្រាលី បានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថា ការផ្ដល់ជំនួយនេះក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

ភ្ជាប់ទៅនឹងចំណុចខាងលើនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូននូវបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានជម្រាបជូនថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់លើការងារកំណែទម្រង់នេះ ដោយបានរៀបចំនូវផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០។

សម្ដេចបន្តថា ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថាការផ្ទេរមុខងារនេះបានរួមចំណែកធ្វើឱ្យការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាទទួលបានប្រសិទ្ធភាពផងដែរ។

ចំពោះបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរវិញ ឯកអគ្គរាជទូត បានជម្រាបជូនសម្ដេចក្រឡាហោម ថាទោះបីជាកម្ពុជា បានប្រឈមនឹងស្ថានភាពជំងឺកូវីដ១៩ ប៉ុន្តែលោកសូមវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការដ៏ល្អនេះ ក្នុងនោះកម្មវិធីមួយចំនួននៅតែបន្តអនុវត្តដូចជាការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសមួយចំនួនក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងសកម្ម។

លោក Pablo Kang ក៏បានជម្រាបជូបសម្ដេចដែរថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលីក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងប្រធានបទនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចក៏បានស្នើភាគីអូស្ត្រាលី តាមរយៈឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែជិតស្និតខ្លាំងក្លាថែមទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈមនឹងជំងឺកូវីដ១៩។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលកន្លងមកទាំងលើការងារបង្កាទប់ស្កាត់ជំងឺកូវីដ១៩ និងជំនួយគាំទ្រដល់វិស័យផ្សេងៗនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការពង្រឹងការងារអនុវត្តច្បាប់៕