(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលមួយតាមប្រព័ន្ធអនឡាញ ស្តីពី «ការពង្រឹងសមត្ថភាព លើយន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា» ដែលមានការចូលរួមពីសិក្ខាកាម មកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះវិញ ដោយពិចារណាថា វានឹងមានការលំបាក ក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកូរ៉េនៅក្នុងឆ្នាំនេះ ដោយសារស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។ គោលបំណងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ គឺដើម្បីរួមចំណែកដល់ការសម្រេចបាននូវសមត្ថភាព ក្នុងការស្វែងយល់អំពីប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងបង្កើតគោលនយោបាយសិទ្ធិមនុស្ស។

ឆ្នាំនេះ កយកា-KOICA បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី «ការពង្រឹងសមត្ថភាព លើយន្តការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា» ចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែវិច្ឆិកា ២០២១។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ៧ថ្ងៃនេះ គឺសម្រាប់មន្រ្តីចំនួន ២២ រូបមកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បី ទី១៖ ផ្តល់នូវឯកសារយោងអំពីបទពិសោធន៍របស់ប្រទេសកូរ៉េ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សនៅកម្ពុជា ទី២៖ ជួយក្នុងការធ្វើឱ្យប្រសើរឡើង និងទំនើបកម្មនៃសន្តិភាព និងការអប់រំសិទ្ធិមនុស្ស ទី៣៖ ពង្រឹងសមត្ថភាពមន្រ្តីស៊ីវិល នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពង្រឹងគោលនយោបាយប្រព័ន្ធសិទ្ធិមនុស្ស។

សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) ដោយធ្វើការវិភាគលើបញ្ហានាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមធំៗ ដែលប្រទេសកំពុងជួបប្រទះ។ វាគឺជាផ្នែកមួយ នៃដំណើរការបង្កើតផែនការសកម្មភាព ដែលសិក្ខាកាម នឹងចូលរួមនៅក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល។

លើសពីនេះ សិក្ខាកាម នឹងបង្កើតផែនការសកម្មភាព ដោយបញ្ចូលនូវចំណេះដឹងពីការរៀន ការពិភាក្សា បទពិសោធន៍ និងការស្វែងយល់នៅអំឡុងពេលនៃវគ្គបណ្តុះបណ្តាល។ ផែនការសកម្មភាព គឺជាសកម្មភាពដ៏សំខាន់នៃកម្មវិធី ដែលផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការសរសេរផែនការសកម្មភាព ដែលអាចយកទៅអនុវត្ត និងអាចធ្វើទៅបាន ដើម្បីផ្តល់នូវជម្រើស ក៏ដូចជាដំណោះស្រាយ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំប្រទេស។

នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ការពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។

កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធី នៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។

ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រមាណ ៣,២០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល រយៈពេលខ្លី និងកម្មសិក្សាថ្នាក់អនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់កយកា-KOICA៕