(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយមន្ដ្រីក្នុងនាយកដ្ឋានចំនួន២៨៨នាក់ នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី មានជាគ្រឿងឧបភោគបរិភោគ និងថវិកាយកទៅចែកចាយជូនមន្រ្ដីនគរបាលទាំងនេះ ដោយម្នាក់ៗទទួលបានថវិកា២៧ម៉ឺនរៀលផងដែរ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ពេលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខែ្មរមុខនេះ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ហើយឱ្យស្របតាមប្រសាសន៍របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
លោកក៏បានបញ្ជូនកម្លាំងនគរបាលនៅនាយកដ្ឋានប្រមាណ១៥០នាក់ ទៅជួយសម្រួលចរាចរណ៍នៅខេត្តសៀមរាប ក្នុងពិធីអង្គរសង្ក្រាន្តផងដែរចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ៕