(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានប្រគល់ជនរងគ្រោះជនជាតិវៀតណាមចំនួន១១នាក់ (ស្រី២នាក់) ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារអន្តរជាតិបាវិតម៉ុកបាយ ក្រោយកម្លាំងសមត្ថកិច្ចកម្ពុជា បានជួយសង្គ្រោះនៅក្នុងករណីចាប់បង្ខាំងមួយនៅកាស៊ីណូ។
ដោយឡែកជនជាតិវៀតណាមចំនួន២នាក់ ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ ត្រូវបានអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកវិលត្រឡប់ទៅលំនៅដ្ឋាននៅរាជធានីភ្នំពេញ។
សមត្ថកិច្ចអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តស្វាយរៀង ចុះទៅដល់កាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជួយសង្គ្រោះជនជាតិវៀតណាមទាំង១១នាក់ ដែលត្រូវបានចាប់បង្ខាំងទុក។
ក្រោយបង្ក្រាបករណីបង្ខាំងនេះ ខាងសមត្ថកិច្ចកម្ពុជា បានទាក់ទងទៅសមត្ថកិច្ចវៀតណាម ដើម្បីប្រគល់ជនរងគ្រោះឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕