(ភ្នំពេញ)៖ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំ និងផ្សព្វផ្សាយនៃអគ្គនាយកដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងបញ្ជាក់ថា ក្នុងករណីដែលភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ដែលមិនមានលោតនាទីបញ្ជាក់ពេលវេលានោះ គឺនៅតែអាចមើលបានយ៉ាងងាយស្រួល តាមការរយៈការមើលទៅលើភ្លើងសញ្ញាថ្មើរជើង បើសិនលោតពណ៌ខៀវ ហើយលោតញាប់នោះ គឺជាសញ្ញាបញ្ជាក់ថា ភ្លើងស្តុបពណ៌លឿងនឹងជិតចូលមកដល់។
លោក ព្រំ វន្ថា បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីផ្សាយផ្ទាល់ ដែលមានឈ្មោះថា «MPWT LIVE SHOW» ដែលរៀបចំឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមប្រធានបទ «ឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែក ធ្វើឱ្យថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ទាក់ទងនឹងភ្លើងស្តុប ដែលមិនមានលោតនាទីបញ្ជាក់នោះ លោក ព្រំ វន្ថា បានបញ្ជាក់ដែរថា «ប្រសិនបើទាក់ទងអំពីភ្លើងសញ្ញា យើងចង់ដឹងថា តើភ្លើងលឿង នឹងចូលមកដល់ពេលណា គឺយើងត្រូវពិនិត្យមើលលើភ្លើងសញ្ញាសម្រាប់ថ្មើរជើង ភ្លើងសញ្ញាសម្រាប់ថ្មើរជើងនេះ មាន២ពណ៌ គឺមានពណ៌ប៉ៃតង និងពណ៌ក្រហម អីចឹងនៅពេលដែលភ្លើងសញ្ញាថ្មើរជើង លោតពណ៌ប៉ៃតង ហើយលោតភ្លឹបភ្លាតៗ (ឡូតញាប់) ជាសញ្ញាបង្ហាញថា ភ្លើងពណ៌លឿងជិតមកដល់ហើយ»។
ជាមួយគ្នានោះលោក ព្រំ វន្ថា បានបន្ថែមថា នៅតាមចំណុចដែលភ្លើងស្តុបមិនមានលោតនាទីបញ្ជាក់នេះ ក្នុងករណីអ្នកបើកបរកំពុងធ្វើដំណើរទៅមុខ ហើយកង់យានយន្ត បានជាន់លើគំនូសថ្មើរជើងឆ្លងកាត់ ស្របពេលដែលភ្លើងស្តុបពណ៌លឿងមកដល់ អ្នកបើកបរនៅតែអាចបើកបរទៅមុខមិនត្រូវឈប់ នៅចំណុចប្រសព្វឡើយ ហើយនគរបាលចរាចរណ៍ ក៏មិនធ្វើការផាកពិន័យនោះឡើយ។
សូមបញ្ជាក់ដែរថា បើតាមលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចររាចរណ៍ ១,៨៨៨លើក ក្នុងនោះមានគ្រោះថ្នាក់នៅពេលយប់ ៥៤% បណ្តាលឱ្យមានអ្នកស្លាប់ ១,០៥៨នាក់ របួសធ្ងន់ ១,៥៦០នាក់ និងរបួសស្រាល ១,០២៩នាក់ គិតជាមធ្យមមានអ្នកស្លាប់ ៣.៨នាក់ក្នុងមួយថ្ងៃផងដែរ៕