(កំពង់ឆ្នាំង)៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីតាំងអាហារដ្ឋានចំការលាភក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន៧ស្ថាប័ន ដើម្បីជួយពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការសរសេរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។

នៅក្នុងកិច្ចប្រជុំនេះក្រុមអ្នកសារព័ត៌មានតាមស្ថាប័ននីមួយៗ បានលើកឡើងអំពីការសរសេរ និងការផ្សព្វផ្សាយព័ត៌មានកន្លងមកដែលមានបញ្ហាប្រឈម ដើម្បីឲ្យក្រុមអង្គការ (ACT)ជួយណែនាំ និងដោះស្រាយ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការសរសេរ និងផ្សព្វផ្សាយព័ត៌ មានស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ លោក ហង្សចក្រា ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងជាស្ថាបនិក (ACT) និងក៏ជាអ្នកសារព័ត៌មានជើងចាស់ម្នាក់ បានលើកឡើងថា ការពិតអ្នកសារព័ត៌មានប្រៀបបានជាអ្នកនាំសារម្នាក់ ដែលមានតួនាទីសរសេរ រាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន អំពីហេតុការណ៍សភាពការណ៍ និងព្រឹត្តិការណ៍នានាដែលកើតឡើងនៅក្នុងសង្គមនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយបាតុភាពផ្សេងៗ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយមានសុខសន្តិភាព។

លោក ហង្ស ចក្រា បានបន្តថា «ដើម្បីឲ្យខ្លួនយើងជាអ្នកសារព័ត៌មានកិត្តិយស និងមានតម្លៃនៅក្នុងសង្គមជាតិ យើងត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន នឹងត្រូវប្រតិបត្តិតាមច្បាប់ស្ដីពីរបបសារ ព័ត៌មាន»

ជាមួយគ្នានេះ ក្នុងការសរសេរព័ត៌មាន ត្រូវធ្វើត្រឹមតែជាអ្នកសារព័ត៌មាន កុំធ្វើជាសមត្ថកិច្ចផង និងជាតុលាការផងនោះឡើយ ហើយត្រូវចងចាំ អនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «សូមកុំរំលោភសិទ្ធិអ្នកដទៃ និងសូមកុំបំភ្លៃការពិត»

លោក ហង្ស ចក្រា ក៏បានបញ្ចេញទស្សនៈថា «សូមកុំចង់ជាប់គុក ដើម្បីឲ្យខ្លួនបានល្បីជាវីរៈជននោះ គឺមិនត្រឹមត្រូវឡើយ។ ដូច្នេះក្នុងការសរសេរព័ត៌មានត្រូវស្វែងរកប្រភពច្បាស់ការណ៍ និងជាក់លាក់ ដែលគួរឲ្យទុកចិត្តបាន ព្រម ទាំងត្រូវព្យាយាមសម្ភាសន៍ឲ្យបានចំពោះភាគគីពាក់ព័ន្ធទាំងអស់ក្នុងសាច់រឿង ដើម្បីឲ្យរឿងដែលយើងផ្សព្វផ្សាយទៅមានតម្លាភាព មានតម្លៃមានកិត្តិយសក្នុងនាមជាអ្នកសរសេរព័ត៌មាន និងគ្មានបញ្ហាប្រឈមនឹងផ្លូវច្បាប់»

ដោយឡែកលោកស្រី ស្រី សុធាវី នាយិកាអង្គការ (ACT) ក៏បានលើកឡើងថា ក្នុងនាម (ACT) លោកស្រី ពិតជាអរគុណណាស់ដល់ក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានចូលរួមសរសេរព័ត៌មានកន្លងមកប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លុះបញ្ចាំងអំពីសភាពការណ៍ទូទៅនៅក្នុងសង្គមជាតិ ជូនមហាជនបានដឹងឮ និងដើម្បីឲ្យស្ថាប័នពាក់ព័ន្ធនានាជួយដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងសង្គមជាតិ ឲ្យទទួលបានសុខសន្តិភាព។

លោកស្រីនាយិកា (ACT) ក៏បានបញ្ជាក់ទៀតថា ក្នុងទិសដៅខាងមុខ (ACT) នឹងបង្កើនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារ ព័ត៌មានផ្សេងៗទៀត ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងការសរសេរព័ត៌មាន រួមគ្នាជួយដោះស្រាយទំនាស់ និងបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ និងផ្សព្វផ្សាយព័ត៌មានជូនដល់មហាជន៕