(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលជាផ្លូវការ អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ ចំនួន៣,២៣៤នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី គ.ជ.ប ក៏កំពុងពិនិត្យលើឈ្មោះអ្នកសង្កេតការណ៍ចំនួន ១៩៥នាក់ថែមទៀតផងដែរ។
បើតាម គ.ជ.ប បានឱ្យដឹងថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយក ពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh/khmer/content/4928 និងត្រូវដាក់ពាក្យនៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ ម៉ោងធ្វើការ ពេលព្រឹក ពីម៉ោង ៧:០០នាទី ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០នាទី ដល់ ១៧:៣០នាទី។
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិដែលបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ដែលបានអនុម័តដោយ គ.ជ.ប៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖