(ភ្នំពេញ)៖ ជនដៃដល់ដែលសម្លាប់កុមារា ជា ប៊ុនហេង ដោយប្រើអំពើទារុណកម្មឃោឃៅ សម្លាប់ និងរំលោភសព កាលពីពេលកន្លងទៅនៅក្នុងខណ្ឌច្បារអំពៅ ហើយដែលត្រូវបានសមត្ថកិច្ចចាប់បាននោះ នឹងត្រូវតុលាការប្រកាស ទោសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើករណីនេះដែលមានជនដៃដល់ឈ្មោះ អុន ភាម៉ុន។ ក្រោយបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានប្រកាសថា សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខៃវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ សពកុមារារងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងព្រៃបឹងមួយនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ពេលនោះកម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវភ្លាមៗ រហូតនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនជនដៃដល់បាននៅចំណុចវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីយកមកសាកសួរចម្លើយ។

បន្ទាប់ពីទទួលបាននូវចម្លើយសារភាព ថារូបគេសម្លាប់កុមារារងគ្រោះ ព្រោះតែខឹងប្អូនថ្លៃជីដូនរូបនេះ វាយក្បាលរូបគេមួយលើកជាពលើកហាមមិនស្តាប់។ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញ បាននាំខ្លួនជនដៃដល់ទៅដល់កន្លែងកើតហេតុវិញ ដើម្បីឱ្យធ្វើត្រាប់នូវសកម្មភាពដែលខ្លួនបានសម្លាប់ក្មួយប្រុសត្រូវបង្កើតរបស់ខ្លួននោះ។

នៅចំពោះមុខមន្ដ្រីនគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឱ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។

ក្មេងប្រុសអាយុ១០ឆ្នាំ បានបាត់ពីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយត្រូវគេប្រទះឃើញសពនៅក្នុងព្រៃ បង្ករឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សង្ស័យជាករណីឃាតកម្ម។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុក ម្តាយ របស់ក្មេងអាយុ១០ឆ្នាំម្នាក់នេះ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។

សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ ក្រោយមកបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ទើបស្រាវជ្រាវរកឃើញក្មេងប្រុសខាងលើ ត្រូវគេសម្លាប់បាត់ទៅហើយ៕