(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយសមាគមមនុស្សចាស់សង្កាត់ទាំង៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរងតំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល បានលើកឡើងថា ដោយសារតែក្រុមការងារយើងខ្ញុំ សុទ្ធតែក្មេងជំនាន់ក្រោយ ដូច្នេះគ្មានអ្វីក្រៅពីប្រតិបត្តិចំពោះលោកអ៊ំ ពី មីង ទាំងអស់ ដើម្បីការដឹកនាំ និងពន្យល់ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យដំណើរការដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើងឲ្យបានរលូន នឹងទទួលបានជោគជ័យនៅក្នុងសង្កាត់ទាំង៥ នៃខណ្ឌចំការមន។
លោកស្រីបន្តថា ក្រោយពេលប្រកាសបង្កើតសមាគមមនុស្សចាស់ នៅក្នុងខណ្ឌចំការមន សូមឲ្យលោកអ៊ំ ពូ មីង ដែលជាសមាជិករាយការណ៍មកលោកចៅសង្កាត់ ទាក់ទងនឹងស្ថានភាពនៃការរស់នៅ ដើម្បីថ្នាក់ដឹកនាំមានវិធានការ និងធ្វើការដោះស្រាយជូន។
លោកស្រីអភិបាលរងខណ្ឌ បានបន្ថែមថា កម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ហើយក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់ មនុស្សជំនាន់ក្រោយ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការ អប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។
លោកស្រី កែវ សាម៉ុល បានបន្តទៀតថា នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់ មនុស្សវ័យចាស់ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ការផ្តល់ជូននូវរបបសន្តិសុខ សង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោល នយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។
ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានអនុវត្តគោលនយោបាយ ស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ និងនគរបាល ត្រៀមចូលនិវត្តន៍ផងដែរ។ រាជរដ្ឋាភិបាល ក៏បានបង្កើត គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់២០១៧-២០៣០ និងមានគម្រោងគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ក៏មានអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌចំការមន និងព្រះចៅ អធិការវត្តទួលទំពូង ដើម្បីចែកជូនដល់សមាគមមនុស្សចាស់សង្កាត់ទាំង០៥ ដោយក្នុង ០១នាក់ទទួលបាន អង្ករ មី ទឹកក្រូច ទឹកដោះគោឆៅ ស្ករស ភួយ០១ ក្រម៉ា ០១ -ម៉ាស និងថវិកា មួយចំនួនផងដែរ៕