(ភ្នំពេញ)៖ ឥឡូវនេះ និស្សិតផ្នែកវិទ្យាសាស្ត្រពិត ដែលចូលរួមក្នុងកម្មវិធី «1+3 Foundation Program» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក៏អាចបញ្ចប់ការសិក្សា ៣ឆ្នាំចុងក្រោយ នៅសាកលវិទ្យាល័យ Angelo State University (ASU) ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកផងដែរ។
ដំណឹងនេះត្រូវបានបង្ហាញឡើង ក្នុងឱកាសសាកលវិទ្យាល័យ RUPP បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ ASU នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ RUPP និងសាស្ត្រាចារ្យបណ្ឌិត Won-Jae Lee តំណាងសាកលវិទ្យាល័យ ASU ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ RUPP ។
បើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា បានលេចចេញជារូបរាងឡើង បន្ទាប់ពីកិច្ចពិភាក្សារវាងតំណាងស្ថាប័នទាំងពីរ និងបានឈានដល់សម្រេចកិច្ចសហប្រតិបត្តិការ ផ្តោតសំខាន់លើការបង្កើតគុណភាព ប្រសិទ្ធភាព នៃការអប់រំកម្រិតឧត្តមសិក្សា បូករួមគោលដៅផ្សេងៗ ដែលមានដូចជា៖
១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកឧត្តមសិក្សារវាងស្ថាប័នទាំងពីរ
២៖ ពង្រឹងវិសាលភាពលើការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្លាស់ប្តូរនិស្សិតដែលមានស្រាប់ ដូចជា 1+3 Foundation Program
៣៖ ពន្លាតការខិតខំស្វែងរក និងបណ្តុះបណ្តាលផ្នែកអប់រំ ដែលអាចឈានទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ
៤៖ ខិតខំបន្ត និងអភិវឌ្ឍកម្មវិធីដែលមានស្រាប់ក្រោមការខិតខំតាំងចិត្តខ្ពស់។
កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធី 1+3 Foundation Program នេះដែរ មានការជ្រោមជ្រែង ពីតំណាងសាកលវិទ្យាល័យ ASU ប្រចាំនៅកម្ពុជា Ambitious Student Ubquitous ។ សាកលវិទ្យាល័យ RUPP នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយទៀត (MoA) ជាមួយសាកលវិទ្យាល័យ ASU នាពេលឆាប់ៗនេះ ដើម្បីអនុវត្តកម្មវិធី 1+3 Foundation Program ។
បើតាមលោក ជេត ជាលី, កម្មវិធី 1+3 Foundation Program ផ្តល់ឱកាសឲ្យនិស្សិតឆ្លងកាត់វគ្គសិក្សាឆ្នាំមូលដ្ឋាន១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ៣ឆ្នាំ នៅសាកលវិទ្យាល័យ ASU លើជំនាញជីវវិទ្យា រូបវិទ្យា គីមីវិទ្យា វិទ្យាសាស្ត្រភូមិវិទ្យា សំណង់ស៉ីវិល និងវិស្វកម្មគ្រឿងយន្ត។
លោកបន្តថា «ក្រសួងអប់រំយុវជន និងកីឡា បានណែនាំ ASU ឲ្យភ្ជាប់ទំនាក់ទំនងជាមួយ RUPP ហើយទំនាក់ទំនងជាមួយសាកលវិទ្យាល័យរដ្ឋដូចជា RUPP ដោយសារសាកលវិទ្យាល័យរបស់លោក មានសម្ភារពិសោធន៍បែបវិទ្យាសាស្ត្រគ្រប់គ្រាន់ ខណៈដែលសាកលវិទ្យាល័យឯកជនមិនទាន់មានលទ្ធភាព។ ដោយឡែក ចំពោះវិទ្យាសាស្ត្រសង្គម គឺក្រសួងអប់រំណែនាំឲ្យ ASU ចាប់ដៃជាមួយសាកលវិទ្យាល័យឯកជន»។
ក្រោមកិច្ចសហការនេះ សាកលវិទ្យាធិការ ជេត ជាលី បញ្ជាក់ដែរថា និស្សិតរបស់ RUPP នឹងទទួលបានសញ្ញាបត្រចំនួន ២ គឺផ្តល់ដោយ RUPP និងផ្តល់ដោយ ASU ខណៈដែលសញ្ញាបត្រទាំងនោះ មានការទទួលស្គាល់ត្រឹមត្រូវ។ លោកបានបន្ថែមថា ASU នឹងធ្វើការជាមួយ RUPP លើការបង្កើតកម្មវិធីសិក្សាឆ្នាំទី១ ដែលនឹងផ្អែកលើនិយាយមអន្តរជាតិ និងបង្រៀននៅ RUPP មុនពេលនិស្សិតបន្តការសិក្សារយៈពេល ៣ឆ្នាំ នៅសហរដ្ឋអាមេរិក។
ស្របពេលនេះដែរ តំណាងសាកលវិទ្យាល័យ ASU បានបញ្ជាក់ថា កម្មវិធី 1+3 Foundation Programme នឹងជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា នាពេលអនាគត។
ចំណែកឯ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានសម្តែងការអបអរសាទរ និងលើកទឹកចិត្ត ចំពោះកិច្ចសហការវិជ្ជមានរវាងគ្រឹះស្ថានឧត្តមសិក្សាជាតិ-អន្តរជាតិបែបនេះ ដោយលោកចាត់ទុកថា វាជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ និងលើកទឹកចិត្តចំពោះកិច្ចសហការវិជ្ជមានរវាងគ្រឹះស្ថានឧត្តមសិក្សាជាតិ-អន្តរជាតិ និងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយ STEAM (Science, Technology, Engineering, Art, and Mathematics) និងកម្មវិធីសិក្សាផ្សេងទៀតដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ក្នុងន័យចូលរួមលើកកម្ពស់គុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា»៕