(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្ដបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត និងលោក សៀក រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ រួមជាមួយមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យស្រាវជ្រាវផ្ទៀងផ្ទាត់ឯសារ ក្បាលដី និងគ្រួសារប្រជាពលរដ្ឋចំនួន២កន្លែង ដែលកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០២ ដែលពាក់ព័ន្ធនិងគម្របព្រៃដែលបងប្អូនប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ដោយយោងកំណត់ហេតុក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រុមការងារបានកំណត់យកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ចុះជាក់ស្តែងក្នុងបេសកកម្មរួមគ្នា រវាងប្រតិភូក្រសួង និងក្រុមការងារខេត្ត ជាពិសេសអ្នកពាក់ព័ន្ធ ដោយចុះពិនិត្យទីតាំងដីជាក់ស្តែងដើម្បីផ្ទៀងផ្ទាត់ ព្រំប្រទល់ក្បាលដី និងរៀបចំសំណុំឯកសារគតិយុត្ត ដើម្បីស្នើសុំអនុបយោគ និងប្រទានកម្មដី ធ្វើជាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បឹងជជ្រុក និង៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្របតាមអនុវត្តតាមខ្លឹមសារលិខិតលេខ:៤៨៧ សជណ.មយ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោក លី សារី បានបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារ បានពិនិត្យ និងឯកភាពគ្នាដូចខាងក្រោម៖
*ទី១៖ ឲ្យក្រុមការងារស្រុកម៉ាឡៃ ឃុំទូលពង្រ ភូមិ ចុះស្រាវជ្រាវ និងធ្វើអត្តសញ្ញណកម្មគ្រួសារ ទំហំដី និងឯកសារកាន់កាប់ ប្រើប្រាស់ ដាំដុះ និងអាស្រ័យផលជាក់ស្តែងលើទីតាំងដីចំនួន២កន្លែង ដែលពុំទាន់មានទិន្នន័យ។
*ទី២៖ ចំពោះទិន្នន័យដែលមានស្រាប់ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាអ្នកស្រាជ្រាវឯកសារ និងពិនិត្យផ្ទៀងផ្ទាត់បច្ចេកទេស ដែលក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ មានការប៉ះពាល់គំរបព្រៃឈើឆ្នាំ២០០២។
*ទី៣៖ ចំពោះលទ្ធផលបូកសរុបរួចរបស់ក្រុមចំណុចទី១ និងទី២ ត្រូវបញ្ជូនមកទីចាត់ការអន្តរវិស័យខេត្ត ដើម្បីរៀបចំសំណុំឯកសារ គោរពជូនក្រសួងកសិកម្មឲ្យបានឆាប់៕