(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានរំលឹកថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើឲ្យផ្ទះ៨៧ខ្នង ក្នុងនោះភូមិទួលរកា១៧ខ្នង និងភូមិដីលើ៧០ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។
ប៉ុន្តែភ្លាមៗនោះ លោកបានចាត់ឲ្យលោកនាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុនជូនដល់២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេរួចហើយ។ នៅសល់៨៥គ្រួសារនេះសាខា បានសហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់ការស្តារ និងជួសជុលលំនៅដ្ឋានបងប្អូន ឡើងវិញ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយក៏បានផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ១យួរ, ត្រីខ១០កំប៉ុង, ឃីត១, អាវយឺតចំនួន៤ និងថវិកា ១០០,០០០រៀល៕