(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចររាចរណ៍១,៨៨៨លើក ក្នុងនោះមានគ្រោះថ្នាក់នៅពេលយប់៥៤% បណ្តាលឱ្យមានអ្នកស្លាប់១,០៥៨នាក់ របួសធ្ងន់ ១,៥៦០នាក់ និងរបួសស្រាល ១,០២៩នាក់ គិតជាមធ្យមមានអ្នកស្លាប់ ៣.៨នាក់ ក្នុងមួយថ្ងៃ។

លោកស្រី មឹន មាណវី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធីផ្សាយផ្ទាល់ ដែលមានឈ្មោះថា «MPWT LIVE SHOW» ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រធានបទ «ឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែក ធ្វើឱ្យថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

លោកស្រី មឹន មាណវី បានបន្ថែមថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចររាចរណ៍នេះ គឺបណ្តាលមកពីការបើកលើសល្បឿនកំណត់ ៣៦% បណ្តាលឱ្យមនុស្ស ស្លាប់៤៥៧នាក់, ការមិនគោរពសិទ្ធអទិភាព ២៤% បណ្តាលឱ្យមនុស្សស្លាប់១៨៩នាក់, ការមិនប្រកាន់ស្តាំ ១៥% បណ្តាលឱ្យមនុស្សស្លាប់ ១៦៣នាក់, ការវ៉ាជែង ៨.៣% បណ្តាលឱ្យមនុស្សស្លាប់ ៩៩នាក់, បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៨% បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៨នាក់, ប្រើប្រាស់គ្រឿងស្រវឹង ៤% បណ្តាលឱ្យមនុស្សស្លាប់ ៤០នាក់ កត្តាយានជំនិះ ៣% បណ្តាលឱ្យមនស្សស្លាប់ ៣៤នាក់ បើកបរក្នុងស្ថានភាពងងុយ ១% បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់, កត្តាផ្លូវ ០.៤% បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងបញ្ហាផ្សេងៗ ០.៤% បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់។

លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា ករណីគ្រោះថ្នាក់ចររាចរណ៍សម្រាប់រយៈពេល៩ខែនេះ បានបណ្តាលឱ្យមានការខូចខាតម៉ូតូ ១.៩៧៤គ្រឿង រថយន្តធន់ស្រាល ៧៣១គ្រឿង រថយន្តធន់ធ្ងន់ ៥៦៦គ្រឿង យានផ្សេងៗទៀត ២៨៩គ្រឿង។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានអ្នកជិះម៉ូតូ ៨១៦នាក់ ក្នុងនោះមានអ្នកអត់ពាក់មួកសុវត្ថិភាព ៥៧៦នាក់។

លោកស្រីចាត់ទុកថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចររាចរណ៍ គឺជាគ្រោះមហន្តរាយមួយដែលជះឥទ្ធិពលខ្លាំងដល់សុខុមាលភាពជាសាធារណៈ ដោយសារ តែកា បាត់បង់អាយុជីវិត កាយសម្បទា និងទ្រព្យ សម្បត្តិប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ ក្នុងនោះដែរទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែប្រឈម នឹងជំងឺវីដ១៩ ក៏ប្រទេសកម្ពុជាក៏នៅតែមានការខាតបង់បន្ថែម ទាំងអាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយសារគ្រោះថ្នាក់ចររាចរណ៍ជារៀងរាល់ថ្ងៃ៕