(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
សម្រាប់ស្ថានភាពនេះ លោក ឃួង ស្រេង បានដឹកនាំ និងបញ្ជាឲ្យកងកម្លាំងជម្លៀសប្រជាជនមកកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងស្ថានភាពនេះទេ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរទៅផ្នែកខាងក្រោម នៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ។
យ៉ាងណាក៏ដោយរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារក្រសួងធនធានទឹក ក្រោមការដឹកនាំបញ្ជារបស់លោករដ្ឋមន្រ្តី លឹម គានហោ ក៏នៅប្រចាំការជាប់ដើម្បីពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួសជុលរូងនាគ ព្រមទាំងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយីដោយទឹកជំនន់ទឹកភ្លៀងពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការបន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តប្រឈមនេះ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។
មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានឲ្យដឹងថា ការបាក់ទំនប់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀត នៃខណ្ឌដង្កោ ក្នុងនោះមានភូមិកន្ទុយទឹក ប៉ះពាល់ចំនួន៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង៨៥ខ្នង ភូមិសាលាចំនួន៧៤ សរុប៣០៦ខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយឲ្យធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើអាចទប់ស្កាត់បានទាន់ពេលវេលា៕