(ភ្នំពេញ)៖ សមាគមភស្តុភារកម្មកម្ពុជា និងក្រុមហ៊ុន វន្តសាលា ឯ.ក នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២១ បានប្រារព្វពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធីបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងសហការី ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម ព្រមទាំងក្រុមប្រឹក្សានាយកទីប្រឹក្សា និងក្រុមគ្រូបង្គោល និងក្រុមហ៊ុន វន្តសាលាឯកតំណាងដោយ លោក គឹម សិរីវុឌ្ឍ នាយកក្រុមហ៊ុន ព្រមទាំង ក្រុមប្រឹក្សានាយក និងសហការី។
នៅក្នុងកិច្ចស្វាគមន៍ និងសំណេះសំណាលលោក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា សមាគមឥឡូវនេះកាន់តែបោះជំហានទៅមុខជាបណ្តើរៗ ដោយក្រៅអំពីកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ ជូនចំពោះសិក្ខាកាម ឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀន តាមរយៈទំរង់បច្ចេកវិទ្យាព័តមាន (E-Learning Platform) លើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូនផងដែរ ដោយសមាគមបានសហការជាមួយ ក្រុមហ៊ុន វន្តសាលា ឯ.ក ដែលជាក្រុមហ៊ុនជំនាញលើផ្នែកនេះ ជាច្រើនឆ្នាំកន្លងមហើយនៅក្នុងប្រទេសកម្ពុជាយើង។
លោកបានបន្ថែមថា ដើម្បីដើរទាន់សម័យកាលព័ត័មានវិទ្យា ក៏ដូចជាបំពេញតម្រូវការ ចំពោះសិក្ខាកាមជាពិសេសក្នុងបរិបថកូវីដ១៩នេះ និងដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកនេះ ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក ដឹកជញ្ជូន សមាគមក្រៅអំពីការសហការជាមួយក្រុមហ៊ុនវន្តសាលា ក៏នឹងមានការសហការបន្ថែមទៀតជាមួយវិទ្យាស្ថាន និងស្ថាប័នពាណិជ្ជកម្មផ្សេងៗទៀត ក្នុងន័យរួមគ្នាផលិតធនធានមនុស្សលើជំនាញនេះបន្ថែមផងដែរ។
សូមបញ្ជាក់ជូនផងដែរថា សមាគមភស្តុភារកម្មកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ ២០០៤មកម្លេះដោយទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងអន្តរជាតិ។ ហើយសមាគមជា សមាជិករបស់សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ាន (AFFA), សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអន្តរជាតិ FIATA និងមានដៃគូសហការក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ និងជាពិសេសរហូតមកទល់ពេលនេះ សមាគមបានធ្វើការបណ្តុះបណ្តាលសិក្ខាកាមលើមុខវិជ្ជា ឡូជីស្ទីក និងដឹកជញ្ជូន ឬ (Logistics and Supply Chain Management) និងមុខវិជ្ជាពាក់ព័ន្ធជាច្រើនទៀតជូនសិក្ខាកាម បានប្រហែលជាជាង៥០០០នាក់មកហើយ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនឡូជីស្ទីកជាច្រើន ដែលជាសមាជិករបស់សមាគមនៅតែមានតម្រូវការបន្ថែម បុគ្គលិកលើវិស័យនេះជាញឹកញាប់ផងដែរ៕