(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ សហគមន៍តំបន់ការពារធម្មជាតិ ត្រូវបានបង្កើតនៅទូទាំងប្រទេស មានចំនួន ១៨២សហគមន៍ ដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥,៤៤៦គ្រួសារ នៅក្នុង៣៣៥ភូមិ ក្នុងួ១០៨ឃុំ ក្នុង១៦ខេត្ត និងចូលរួមគ្រប់គ្រងលើផ្ទៃដីព្រៃចំនួន ៣០៩,៤៦៣ហិកតា ដើម្បីចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
ការជំរុញទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋមួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមទៀតថា «ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺដើម្បីជំរុញការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។ សហគមន៍ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិមាន ៥ចំណុចរួមមាន៖
ទី១៖ ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ
ទី២៖ បង្កើនកិច្ចសហការ រវាងមន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ក្នុងការទប់ស្កាត់បទល្មើស
ទី៣៖ រួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព និងការផ្តល់សេវាទេសចេរណ៍ធម្មជាតិ ព្រមទាំងការបង្កើនមុខរបរផ្សេងៗទៀត ស្របតាមលក្ខខណ្ឌសហគមន៍នីមួយៗ
ទី៤៖ បង្កើនចំណេះដឹងដល់សហគមន៍មូលដ្ឋាន ស្របតាមស្ថានភាពរីកចម្រើននៃសង្គមជាតិ
និងទី៥៖ ចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បើយោងតាមទិន្នន័យក្នុងប្រតិបត្តិុការបង្ក្រាបបទល្មើសនៅក្នុងតំបន់ការពារធនធានធម្មជាតិ ទូទាំងប្រទេស គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ គឺមន្ត្រីចុះល្បាតបានចំនួន ១៧,៣៦៧លើក ក្នុងនោះបង្ក្រាបបានបទល្មើសចំនួន ៧,៤៦៤ករណី, រឹបអូសរណាយន្តបាន ២,៤៨៤គ្រឿង, ដោះអន្ទាក់បានជិត៣០,០០០អន្ទាក់ និងរឹបអូសឈើបាន ១,១០០ម៉ែត្រគីប ព្រមទាំងធ្វើកិច្ចសន្យា និងអប់រំ ចំនួន១,៧៨០ករណី ដោយក្នុងនោះពិន័យអន្តរកាល ៥១៩ករណី និងចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការ មានចំនួន៥១៥ករណី»។
លោក នេត្រ ភក្ត្រា បានចាត់ទុកថា ការចុះល្បាត រហូតឈានទៅបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ យ៉ាងច្រើននេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការសហការជាមួយប្រជាសហគមន៍តាមតំបន់ការពារធនធានធម្មជាតិនានាទូទាំងប្រទេសកម្ពុជា៕