(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយក និងជាប្រធានក្រុមការងារយុវជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាកូឡាប៤ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី ឡាយ ចន្ធី ប្រធានមណ្ឌល បានឲ្យដឹងថា មណ្ឌលកូឡាប៤ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ក្រោមការជួយឧបត្ថម្ភគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
បច្ចុប្បន្នមណ្ឌលកុមារកំព្រាកូឡាប៤ មានកុមារកំព្រា ១៣០នាក់ កំពុងស្នាក់នៅ ព្រមទាំងកំពុងសិក្សានៅថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាផងដែរ។ មានមតិសំណេះសំណាលនាឱកាសនោះ ប្រធានក្រុមការងារ ក៏បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ដឹកនាំ និង កោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌ប្រកបដោយក្តីអាណិតស្រលាញ់ របស់បុគ្គលិកនៅក្នុងមណ្ឌលដែលបានចំណាយពេលខិតខំប្រឹងប្រែងក្នុងមើលថែ អប់រំ កុមារកំព្រាគ្មានទីពឹង ឲ្យមករស់នៅមានភាពកក់ក្តៅដូចកុមារដទៃទៀត។
ប្រធានក្រុមការងារ បានមានប្រសាសន៍ទៀតថា ក្រៅពីការផ្តល់ជំនួយពីក្រុមការងារ ឬអង្គការដែលជាដៃគូនោះ រាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់ដល់ប្អូនៗកុមារ ព្រោះពួកគេជាទំពាងស្នងឫស្សី នឹងជាសសរទ្រូងសម្រាប់ប្រទេសជាតិយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងជំរុញយកចិត្តទុកដាក់លើវិស័យអប់រំ ដើម្បីឲ្យកម្ពុជាជាប្រទេសមានធនធានមនុស្សប្រ កបដោយសក្តានុពល ដើម្បីជំរុញឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ។
លោកបានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ធា្លប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ គ្មានសល់ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ សិទ្ធិជាមូលដ្ឋានរបស់កុមារត្រូវបានយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់ផងដែរ។
លោក សួង ម៉េងឡុង បានផ្តាំផ្ញើដល់ប្អូនៗកុមារឲ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ជៀសឲ្យផុតពីគ្រឿងញៀន និងប្រាសចាកអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ជួយកសាងសង្គមជាតិឲ្យរីកចម្រើននាពេលអនា គត។ លោក សួង ម៉េងឡុង ក៏បានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ មួយចំនួនរួមមានៈ អង្ករ ២០០គីឡូក្រាម មី ៣០កេស ទឹកស៊ីអ៊ីវ ១១យួរ ទឹកត្រី ៧យួរ ប្រេងឆា ១០លីត្រ ទឹកក្រូច ២កេស ទឹកសុទ្ធ ៥កេស ទឹកដោះគោម្សៅ ៨កំប៉ុង ស្បែក ជើងក្មេង ១០០គូ ស្រោមជើង ២៤០គូ និងបាល់ទាត់ចំនួន ១០៕