(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត តែមិនមានតំណាងមកពីមីយ៉ាន់ម៉ានោះឡើយ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានកត់សម្គាល់លើឯកសារចំនួនពីររួមមាន៖ ទី១៖ របាយការណ៍វឌ្ឍនភាពស្តីពីការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន, ទី២៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន លើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។
ជប៉ុនជាដៃគូសន្ទនាដ៏ចំណាស់មួយរបស់អាស៊ាន ដែលមកដល់ឆ្នាំនេះ មានរយៈពេល៤៨ឆ្នាំហើយ។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពតាមសំណើរបស់ភាគីជប៉ុន រៀបចំកិច្ចប្រជុំកំពូលពិសេសមួយនៅឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៥០ឆ្នាំ នៃការបង្កើតនូវការបង្កើតដៃគូសន្ទនាអាស៊ាន-ជប៉ុន។
លោក កៅ គឹមហួន បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍប្រទេសតំបន់អាស៊ាន ជាពិសេសការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅអាស៊ាន និងទៅប្រទេសសមាជិកអាស៊ាន។ ប្រមុខដឹកនាំអាស៊ាន ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានប្រកាសផ្តល់វិភាគទាននូវថវិកា ៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មីុ នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។
ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានប្រកាសស្វាគមន៍ជប៉ុន ចំពោះការប្រកាសផ្តល់កម្ចី ២៥០ពាន់លានដុល្លារ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ និងបានស្វាគមន៍ចំពោះការផ្តល់ជំនួយសរុបជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ជាគ្រឿងបរិក្ខារពេទ្យ ឧបករណ៍ និងបច្ចេកទេសផ្សេងៗសម្រាប់អាស៊ាន។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាល បានស្នើជប៉ុនជួយកសាងសហគមន៍អាស៊ាន ជាពិសេសផែនការមេ នៃការតភ្ជាប់របស់អាស៊ានឆ្នាំ២០២៥ និងជួយដល់ការធ្វើសមាហរណកម្មអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើជប៉ុនជួយកាត់បន្ថយគម្លាតការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន និងជួយដល់ប្រទេសតំបន់មេគង្គ។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងស្នើបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរ។ ជាពិសេសពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គម វប្បធម៌ សន្តិសុខ និងវិស័យផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ជប៉ុននឹងបន្តគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។ ជាចុងក្រោយប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ាន បានពិភាក្សាទៅលើបញ្ហាតំបន់ដូចជាសមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម៕