(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានទៅបង់ការផាកពិន័យតាមច្បាប់ ចរាចរណ៍ផ្លូវគោក ក្រោយបើកម៉ូតូមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលលោកចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំងក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកឧត្តមសេនីយ៍ស្នងការ និងលោកអធិការខណ្ឌ មិនបានបានពាក់ពួកសុវត្ថិភាពនៅពេលនោះ ដោយសារកំពុងយកចិត្តទុកដាក់ និងកំពុងផ្តោតលើការត្រួតពិនិត្យទីតាំងនោះដែលកំពុងរងគ្រោះដោយទឹកជំនន់ កំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុង តែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ចៀសទឹកជំនន់ ជាពិសេសជាទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់តំបន់នោះឡើយ។
កាលពីព្រឹកមិញនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចូលខ្លួនទៅបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណីបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាព ក្នុងពេលលោកដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយកាលៈទេសៈខ្លះមិនអាចពាក់មួកសុវត្ថិភាពពិនិត្យឱ្យបានច្បាស់ផង ម្យ៉ាងផ្ដោតតែទៅលើបញ្ហាទឹកជំនន់ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការដាក់បទបញ្ជាដល់កម្លាំង សមត្ថកិច្ចពាក់ព័ន្ធច្រើនផ្នែកផងនោះ ទើបលោក ឃួង ស្រេង ខកខានមិនបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូនោះ ជាហេតុនាំឱ្យមានការរិះគន់ខ្លះ។
តែទោះជាយ៉ាងណា បន្ទាប់ពីឃើញនូវការរិះគន់នេះភ្លាម លោក ឃួង ស្រេង ដែលកំពុងមមាញឹកនឹងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផង និងកិច្ចការដ្ឋបាលជាច្រើនទៀតផងនោះ ក៏បានឆ្លៀតទៅទទួលការបង់ផាកពិន័យតែម្ដង ហើយលោកក៏ទទួលស្គាល់ចំពោះមតិរិះគន់ទាំងនោះផងដែរ៕