(ភ្នំពេញ)៖ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា ក្រោមការគ្រប់គ្រងយ៉ាងល្អ របស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមទូទាំងប្រទេស ដែលមានការចូលរួមអន្ដរាគមន៍ និងការសហការពេញលេញ របស់គ្រប់ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងសហគមន៍។

ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ជំងឺគ្រុនឈាមមានចំនួន ១,២៥៧ករណី និងស្លាប់ចំនួន៣នាក់ បើប្រៀបធ្រៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ គឺមានការធ្លាក់ចុះរហូតដល់ទៅជាង៨ដង ដែលមានរហូតដល់ ៩,១២៨ករណី ស្លាប់១១ករណី។ ទោះបីជាមានការថយចុះក៏ដោយ ប៉ន្ដែករណីនេះ គឺមានលក្ខណៈរាយប៉ាយតាមភូមិសាស្ត្រចំនួន៤ផងដែរ ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្ដតាកែវ សម្រាប់ខេត្ដខ្លះពុំមានករណីគ្រុនឈាមនោះទេ ដូចជាខេត្ដព្រៃវែងជាដើម។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថាករណីធ្លាក់ចុះនៃជំងឺគ្រុនឈាមនេះ ដោយសារប្រជាជនមានការយល់ដឹងខ្ពស់ពីវិធានការបង្ការ ការពារ ថែទាំកូន ហើយនៅពេលឈឺ គាត់រួសរាន់មកទទួលសេវាព្យាបាលបានទាន់ ពេលវេលានៅមន្ទីរពេទ្យរដ្ឋ។

លោកបន្ដថា «ជួសមុខឱ្យថ្នាក់ដឹកនាំនៃកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការជំរុញលើកទឹកចិត្ដជាប្រចាំរបស់ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ជាពិសេសលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឱ្យខ្ញុំទទួលបានកិច្ចសហប្រតិបត្ដិការបានយ៉ាងល្អជាមួយដៃគូជាតិ និងអន្ដរជាតិ ជាពិសេសការធ្វើកិច្ចសហការទាំងថ្នាក់ជាតិ និងក្រោមជាតិ លើសពីនោះ ជាមួយកាកបាទក្រហមកម្ពុជា»

លោក ហ៊ុយ រ៉េកុល បានថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្ដទុកដាក់ខ្ពស់លើសុខទុក និងជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសលើកកម្ពស់ជីវភាពក្នុងការរស់នៅ ការអប់រំ និងសុខុមាលភាពជាដើម។

ជាក់ស្ដែង ក្នុងរដូវភ្លៀងធ្លាក់នេះ អាចកើតមានជំងឺផ្សេងៗរួមទាំងជំងឺគ្រុនឈាម ឬគ្រុនឈីកជាដើម ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត ដូច្នេះកាកបាទក្រហមកម្ពុជា តែងតែបានចូលរួមសកម្មភាពជាទីបំផុត ក្នុងការងារបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាម ឬគ្រុនឈីកយ៉ាងមានប្រសិទ្ធិភាពខ្ពស់ណាស់ ដោយបានចុះដាក់ថ្នាំអាបែត បាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងឈីក ជាពិសេសចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។

ទោះក្នុងវិបត្ដិសកលោកជំងឺកូវីដ១៩ក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានជាជំនួយការឱ្យអាជ្ញាធរមូលដ្ឋាន ជួយសម្រាលនូវការលំបាក និងលើកស្ទួយសុខភាព និងជីវភាពរបស់ពលរដ្ឋ នេះគឺការផ្សារភ្ជាប់មួយដ៏មានសារៈសំខាន់។ ដូចនេះហើយ បានជាវិធានការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម នៅតែទទួលបាននូវលទ្ធផលជាផ្លែផ្កា បានយកល្អ និងមានការធ្លាក់ចុះខ្លាំង។ ចំណែកជំងឺគ្រុនឈីកទូទាំងប្រទេស គិតត្រឹម៩ខែដើមឆ្នាំ២០២១ មានចំនួន ១,៤២១ករណី គ្មានករណីស្លាប់ដែលមានការធ្លាក់ចុះរហូតដល់ទៅ៥ដង ផងដែរ បើធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ មានចំនួន ៦,៧២៣ករណី។ លោកសង្ឃឹមថាយ៉ាងមុតមាំថា ជំងឺគ្រុនឈាម និងគ្រុនឈីកនេះ នឹងមានធ្លាក់ចុះជាបន្ដបន្ទាប់នៅឆ្នាំក្រោយៗនេះ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មន្ដ្រីថ្នាក់ដឹកនាំ និងយុវជនស្ម័គ្រកាកបាទក្រហមកម្ពុជា ដែលតែងតែចូលរួមគ្រប់សកម្មភាព ដើម្បីជួយលើកកម្ពស់ជីវភាព និងសុខុមាលរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

ជាមួយគ្នានោះ លោក សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រៃវែង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ដូច្នេះថារាល់រដូវភ្លៀងធ្លាក់ សាខាកាកបាទក្រហមកម្ពុជាព្រៃវែង ក៏ដូចជាមន្ទីរសុខាភិបាលខេត្ដ តែងតែសហការគ្នា ចុះផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋ ពីជំងឺផ្សេងៗជាពិសេស ជំងឺគ្រុនឈាម និងគ្រុនឈីក ដែលបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឈានទៅដល់បាត់បង់ជីវិត។

លោក សុខ ផេង បន្ដថា «កាលពីចុងសប្ដាហ៍នេះ ក្រុមការងាររបស់យើង បានសហការជាមួយមន្ទីរសុខាភិបាលខេត្ដ ចុះផ្សព្វផ្សាយអប់រំ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំកំចាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ក្រៅពីនោះ យើងបានដើរបិទលិខិតបណ្ណអំពីការការពារ និងលុបបំបាត់ជម្រកមូសខ្លា ដែលយើងទទួលបានពីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាផងដែរ។ លើសពីនោះ ចុះអប់រំពលរដ្ឋយើង ពីការសម្អាតបរិស្ថាននៅក្នុងបរិវេណផ្ទះ លាងសម្អាតពាងទឹក ឬអាងទឹក, របៀបទុកដាក់សំបកកង់ឡាន និងកន្លែងអាចដក់ទឹកថ្លាជាដើម ព្រោះវាជាជម្រកមូសខ្លា ដែលអាចមកខំាកូនៗនិងគ្រួសារបណ្តាលឲ្យកើតជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក»។

លោកថ្លែងបន្តថា ត្បិតណាស់ឆ្នាំនេះ នៅខេត្ដព្រៃវែង គិតត្រឹម៩ខែដើមឆ្នាំ២០២១នេះ ពុំទាន់មានករណីជំងឺគ្រុនឈាមនៅឡើយ តែមានជំងឺគ្រុនឈីក ចំនួន១០ករណី តែក្រុមការងារ ក៏នៅតែបន្តខិតខំ ប្រឹងប្រែងបន្ថែមដូចភ្លៀងរលឹម ដោយមិនបញ្ឈប់នោះទេ ក្រោមការជំរុញលើកទឹកចិត្ត និងណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឲ្យសាខា បន្តយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ពិសេសកំលុងរដូវភ្លៀងធ្លាក់ ដែលអាចកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

លោកបន្តថា «ប្រសិនបើកន្លែងណាដែលមានផ្ទុះនៃជំងឺទាំងនេះ ក្រុមការងារសាខា ដែលមានយុវជនស្ម័គ្រចិត្ដកាកបាទកាកបាទក្រហមកម្ពុជា និងសហការជាមួយក្រសួងសុខាភិបាល ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់ជម្រកមូសខ្លា ភ្លាមតែម្តង ដើម្បីលុបបំបាត់ជម្រកមូសខ្លាជូនពលរដ្ឋ។ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ដ នឹងបន្តប្ដេជ្ញាសហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ដើម្បីឲ្យយុវជនក៏ដូចជាអនុសាខា ចុះអប់រំផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋបន្ដទៀត ឲ្យពួកគាត់បានយល់កាន់ច្បាស់ និងដឹងពីការពារខ្លួនពីជំងឺគ្រុនឈាម, គ្រុនឈីក និងជំងឺផ្សេងៗទៀត ទោះក្នុងបរិបទជំងឺកូវីដ១៩ ដោយយើងអនុវត្ដនូវវិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខាភិបាល»។

ជាមួយគ្នានោះដែរ យុវជនស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា កញ្ញា ទូច ធារី ក៏បានថ្លែងប្ដេជ្ញាបន្ដចុះអប់រំផ្សព្វផ្សាយពលរដ្ឋ ពីការបង្ការការពារពីជំងឺគ្រុនឈាម និងគ្រុនឈីក រួមទាំងសកម្មភាពផ្សេងៗទៀត ទោះស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ១៩ក៏ដោយ។

គួរបញ្ជាក់ថា ក្រោមសកម្មភាពមនុស្សធម៌ និងការងារជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ពិសេសដែលការចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅខ្នងផ្ទះពីជំងឺគ្រុនឈាម និងគ្រុនឈីកនេះ ប្រជាពលរដ្ឋបានលើកឡើងនូវមតិស្រដៀងៗគ្នាថា ជាសកម្មភាពការងាររបស់ពិសេសណាស់ ដែលបានជួយលើកកម្ពស់ការយល់ដឹង ពីវិធានបង្ការការពារយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឱ្យពលរដ្ឋផុតពីគ្រោះដល់ជីវិតដោយសារជំងឺទាំងនេះ។

ក្នុងនោះ លោកស្រី យឹម ណាវី ដែលនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង បានឱ្យដឹងថា «ការងារចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋយើងនៅតាមភូមិឃុំចឹងល្អណាស់ ព្រោះពួកយើងបានយល់កាន់តែច្បាស់ពីការបង្ការការពារ និងការលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក។ ដោយកន្លងមក ប្រជាជនយើងនៅទីនេះ ក៏តែងតែបារម្ដផងដែរ ដោយមិនបានយល់ច្បាស់ពីវិធានការពារទាំងអស់នេះ»

រីឯលោកស្រី សែម យឿន ដែលរស់នៅស្រុកំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ក៏បានលើកឡើងថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលទទួលបានការយកចិត្ដទុកដាក់ជាបន្ដបន្ទាប់ពីថ្នាក់ដឹកនាំទាំងអស់ ពិសេសក្នុងរដូវភ្លៀងធ្លាក់ ក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា បានសហការគ្នា ចុះមកផ្សព្វផ្សាយអប់រំពីការថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺផ្សេងៗ ជាពិសេស ជំងឺគ្រុនឈាម និងគ្រុនឈីកជាដើម ពួកខ្ញុំបានយល់កាន់តែច្បាស់ និងមិនមានក្ដីបារម្ដខ្លាំងទៀត ពីជំងឺនេះទៀត»

ទោះបីជាជំងឺគ្រុនឈាម និងគ្រុនឈីក ក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះក៏ដោយ ក្រសួងសុខាភិបាល នៅតែក្រើនរំលឹកថា ការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម គឺជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗគ្រប់រូប ដែលត្រូវចូលរួមទទួលខុសត្រូវ ដាច់ខាតលើការងារ លុបបំបាត់ភ្នាក់ងារចម្លងមូសខ្លា និងដង្កូវទឹក (ពាងទឹក អាងទឹក សំបកកង់យានជំនិះ និងប្រភពដក់ទឹកផ្សេងៗទៀត) រួសរាន់ទៅទទួលយកសេវា ធ្វើរោគវិនិច្ឆ័យ ព្យាបាលថែទាំករណីជំងឺត្រឹមត្រូវទាន់ពេលវេលា (សេវាសាធារណៈដែលនៅជិតបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ) ដោយមិនត្រូវទុកអ្នកជំងឺគ្រុនក្ដៅសាកល្បងព្យាបាលដោយខ្លួនឯង និងមិនបានសង្ស័យអំពីជំងឺគ្រុនឈាម (ការធ្វើរោគវិនិច្ឆ័យ ព្យាបាលថែទាំមិនត្រឹមត្រូវ និងមិនទាន់ពេលវេលា គឺអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបានគ្រប់ពេល និងគ្មានគ្រូពេទ្យអាចជួយសង្គ្រោះបានឡើយ និងចូលរួមអនុវត្ដវិធានការរស់នៅស្អាត បរិស្ថានផ្ទះសំបែង មានអនាម័យ សំរាន្ដក្នុងមុង ទាំងថ្ងៃទាំងយប់ ប្រើសម្លៀកបំពាក់ដៃជើងវែងៗបង្ការការខំារបស់សត្វមូសជាដើម។

ក្រសួងសុខាភិបាល នៅតែផ្ដល់ជូនដោយមិនគិតថ្លៃនូវថ្នាំបាណកឃាដ(ថ្នាំអាបែត) សម្រាប់ដាក់ចូលភាជន៍ទឹកប្រើប្រាស់មួយឆ្នាំពីរដង (ដើមរដូវស្សា និងចុងរដូវវស្សា) នៅតាមផ្ទះគ្រប់ៗគ្នា តាមគោលការភូមិសាស្ដ្រនៃភ្នាក់ងារចម្លងមូសខ្លា៕