Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ចុះពិនិត្យការតុបតែភ្លើងលម្អ តាមផ្លូវសាធារណៈ ទីប្រជុំជន សួនច្បារ និងដងស្ទឹងសៀមរាប

08-04-2016 15:27

(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយលោកនាយករដ្ឋបាល សាលាខេត្ត លោកអភិបាលក្រុងសៀមរាប និងអស់លោកជានាយកទីចាត់ការ ចំណុះសាលាខេត្ត នៅរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចុះ ធ្វើការត្រួតពិនិត្យ អំពីការតុបតែងភ្លើងលម្អ នៅតាមដងផ្លូវសាធារណៈទីប្រជុំជនដងស្ទឹងសៀមរាប និងតាមសួនច្បារទ្រូងផ្លូវផងដែរ។

ក្នុងការចុះត្រួតពិនិត្យនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់ អនុគណៈកម្មការរៀបចំការងារតុបតែង កែលម្អរភ្លើង ព្រមទាំងការធ្វើអនាម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ។

ក្នុងនោះដែរលោកក៏បាន ធ្វើការជម្រុញដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្ធអគ្គិសនី ដើមី្បធ្វើការត្រួតពិនិត្យ នូវរាល់ភ្លើងដែលបានបំពាក់នៅតាម ដងផ្លូវសំខាន់ៗ ក្នុងការធ្វើឲ្យសម្រស់សោភណ្ឌភាពក្រុង នាពេលរាត្រីឲ្យកាន់តែធ្វើការ ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាសំខាន់នូវក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមក ដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ម៉្យាងទៀតក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពី ភរិយាឥស្សរជនថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាតិ ក្នុងការប្រកួតលើវិញ្ញាសារផ្សេងៗផងដែរ។

លោក ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកដល់ អនុគណៈកម្មការរៀបចំការតុបតែងភ្លើងលម្អ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងាររបស់ខ្លួនឲ្យបានជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេស ការតភ្ជាប់ចរន្ធភ្លើង កុំឲ្យមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

លោកបណ្ឌិត ក៏បានដាក់នូវបទបញ្ជាដល់អាជ្ញាធរក្រុងសៀមរាប ក្នុងការរៀបចំនូវបរិស្ថានអនាម័យ តាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបដងវិថីនានា សំខាន់នៅជុំវិញបរិវេណព្រះវិហារ ព្រះអង្គចេកព្រះអង្គចម ដែលជាទីតាំងដ៏មានសារៈសំខាន់ នៅក្នុងពិធីអង្គរសង្រ្កាន្តនាថ្ងៃខាងមុខផងដែរ៕