(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ គ.ជ.ប ចុះពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅតាមបណ្ដាសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១៤ថ្ងៃហើយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយមានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៤៧,៥៧៥នាក់។
ជាមួយគ្នានេះ រយៈពេល ១៤ថ្ងៃនេះដែរ ក៏មានពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៨៨,២៦២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤២,៥០២នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៤៦,០២១នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕