(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណីបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពក្នុងពេលលោកដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
លោក ម៉េត មាសភក្ដី បានឱ្យដឹងថា ដោយសារតែនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាទឹកជំនន់ លោកអភិបាល ឃួង ស្រេង ក៏បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារភូមិសាស្ត្រខ្លះពិបាកធ្វើដំណើរតាមរថយន្ត ទើបលោកអភិបាលរាជធានី ព្រមទាំងក្រុមមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ត្រូវចុះដើរផង និងជិះម៉ូតូផង ដើម្បីពិនិត្យឱ្យបានជាក់ច្បាស់នៅតាមគោលដៅមានជំនន់ទឹកភ្លៀង ក៏ដូចជាគោលដៅដែលអាចប្រឈមនឹងគ្រោះធម្មជាតិនេះផងដែរ។
លោក ម៉េត មាសភក្ដី បានបន្តថា ដោយកាលៈទេសៈខ្លះមិនអាចពាក់មួកសុវត្ថិភាពពិនិត្យឱ្យបានច្បាស់ផង ម្យ៉ាងផ្ដោតតែទៅលើបញ្ហាទឹកជំនន់ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធច្រើនផ្នែកផងនោះ ទើបលោក ឃួង ស្រេង ខកខានមិនបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូនោះ ជាហេតុនាំឱ្យមានការរិះគន់ខ្លះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្តទៀតថា បន្ទាប់ពីឃើញនូវការរិះគន់នេះភ្លាម លោកអភិបាល ឃួង ស្រេង ដែលកំពុងមមាញឹកនឹងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផង និងកិច្ចការដ្ឋបាលជាច្រើនទៀតផងនោះ ក៏បានឆ្លៀតទៅទទួលការបង់ផាកពិន័យតែម្ដង ហើយលោកក៏ទទួលស្គាល់ចំពោះមតិរិះគន់ទាំងនោះផងដែរ៕