(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកបង្ហាញនូវទិសដៅ៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងចិន នៅចំពោះមុខនាយករដ្ឋមន្រ្តីចិន លី កឺឈាង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ តាមរយៈវិដេអូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
នៅក្នុងកិច្ចប្រជុំកំពូលនោះ សម្តេចតេជោ ហ៊ុន សែន សូមសម្តែងការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ សម្តេចតេជោ បានបន្ថែមថា នៅក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន បានពាំនាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈយ៉ាងច្រើន ដែលបានចូលរួមចំណែកពង្រឹងកិច្ចអភិវឌ្ឍន៍អាស៊ានលើគ្រប់វិស័យ និងជំរុញឲ្យតំបន់ទាំងមូលកាន់តែមានភាពរឹងមាំ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ចំពោះទិសដៅចំនួន៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមានដូចតទៅ៖
ទី១៖ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង, បរិក្ខារ ពេទ្យ និង ជំនួយបច្ចេកទេស ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ។ ក្នុងគោលដៅជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញឱ្យបានឆាប់, កម្ពុជាសូមលើកទឹកចិត្តភាគីចិនផ្តល់ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យយុទ្ធសាស្ត្រទាំង៥ ក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និង គំនិតផ្ដួចផ្តើមផ្សេងទៀត ដូចជាក្របខណ្ឌ រៀបចំច្រកធ្វើដំណើរពិសេសក្នុងអាស៊ាន និងស្តុកបម្រុងបរិក្ខារពេទ្យសម្រាប់គ្រោះអាសន្នសុខភាព សាធារណៈក្នុងតំបន់អាស៊ាន។
ទី២៖ កម្ពុជាពេញចិត្តចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការតភ្ជាប់តំបន់ ដែលកើតចេញពីសហថាមភាព រវាងគំនិតផ្ដួចផ្តើមនៃផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និង គំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។ ជាមួយគ្នានេះ, ខ្ញុំសូមវាយម្លៃខ្ពស់ចំពោះការអនុវត្តចក្ខុវិស័យអាស៊ានចិន ឆ្នាំ២០៣០ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងភាពសុខសាន្តក្នុងតំបន់។
ក្នុងន័យនេះ, កម្ពុជាសូមគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ឱ្យទៅជា “ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ” និងការដាក់ចេញសេចក្តីប្រកាសរួមចំនួន៣ស្ដីពី: (១). កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ; (២). កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន និង (៣). ការពង្រឹងកិច្ចសហប្រតិបត្តិការបៃតង និង ការអភិវឌ្ឍប្រកបដោយ ចីរភាព និងជាពិសេសការកំណត់ឆ្នាំ២០២២ ជាឆ្នាំនៃ «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព”។
ទី៣៖ កម្ពុជាសូមវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម អាស៊ាន-ចិន ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបតែត្រូវស្ថាប័ននីតិបញ្ញត្តិកម្ពុជាអនុម័តរួចនាពេលថ្មីៗនេះ នឹងរួមចំណែកលើក កម្ពស់ការធ្វើពាណិជ្ជកម្ម និង ជំរុញការវិនិយោគរបស់យើងមួយកម្រិតទៀត៕